មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលល្បីល្បាញ ខាងរកស៊ីបទល្មើស ដឹកជញ្ជូនផលត្រី នៃ របាំងស្បៃមុង ដែលការបង្ក្រាបនេះ បានធ្វើឡើងដោយសមត្ថកិច្ចប៉េអ៊ិម ស្រុកជលគិរី ដឹកនាំ លោកមេបញ្ជាការ គង់ សាវឿន ។
យោងតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា ហ៊ុន ចូច ជាឈ្មោះបុរសម្នាក់ ដែលល្បីល្បាញ ខាងរកស៊ីបទល្មើស ដឹកជញ្ជូនផលត្រី នៃ របាំងស្បៃមុង ចេញពីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទៅស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានបង្ក្រាបហើយ កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចទំនប់ចិន ស្ថិតនៅ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលនៃការបង្ក្រាប គឺមានរថយន្ត ម៉ាកហ៊ី យ៉ាន់ដាយ ស្ការិច ចំណុះ១តោនកន្លះ ១គ្រឿង ,កូន ត្រី៣០ប៊ីដុង ក្នុង១ប៊ីដុង ទម្ងន់២៤គីឡូក្រាម និងតៃកុងរថយន្តម្នាក់ ឈ្មោះ ឃឹម រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាសែន ឃុំសុទឹម ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
យោងតាមប្រភពព័ត៌មាន ពីកន្លែងបង្ក្រាប ក៏ដូចជា ប្រជានេសាទ បានឲ្យដឹងថា រថយន្តនេះ ថៅកែឈ្មោះ ហ៊ុន ចូច នៅផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជាឈ្មួញម្នាក់ដែលល្បីល្បាញ ខាងរកស៊ី បទល្មើសដឹកផលត្រី នៃរបាំងស្បៃមុង ហើយយកឈ្មោះអ្នកធំ មកអួតអាង ដើម្បីក ម្លា និងប ន្លា ច អ្នកដ៏ទៃ ដូចជាឈ្មោះ ហ៊ុន ម៉ាណែត កូនសម្ដេច ហ៊ុន សែន ជាដើម។
ការអំនួតនេះ បានធ្វើឲ្យអ្នករកស៊ី មានមុខរបរដូចគ្នា មិនហ៊ានប្រជែង ជាមួយគាត់ឡើយ ហើយគាត់ធ្វើបាបគេឯងទៀតផង ម៉្យាងក៏បានជំរុញ អ្នកប្រព្រឹត្តបទល្មើសនេសាទ ដាក់ស្បៃមុង នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាអ្នកលក់ត្រីឲ្យគាត់ មានអំនួត និងជំនឿលើគាត់ និងប្រមូលផ្ដុំកាន់តែច្រើន ក្នុងការប្រព្រឹត្តបទល្មើស និងយកកូនត្រីមកលក់ឲ្យគាត់ ដោយមានឈ្មោះ ជាអ៊ិត និងប្រពន្ធជាមេខ្លោង។
ទាក់ទងនឹងបង្ក្រាបករណីនេះ ប្រជាពលរដ្ឋ សំណូមពរ ឲ្យឯកឧត្ដម ព្រះរាជអាជ្ញា មានចំណាត់ ការដល់ជនពាក់ព័ន្ធទាំងនោះ ជាប្រយោជន៍ទប់ស្កាត់ និងលុបបំបាត់ បទល្មើសនេសាទ និងយុត្តិធម៌ សង្គម ម្យ៉ាងដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា ត្រីនុយនេះប្រមូលទិញមកពីអ្នកដាក់របាំងលូរាប់សិបរបាំងនៅចំណុចកប់ចេះនិងចំណុចទួលវាលស្រង៉ែឋិតក្នុងឃុំព្រៃគ្រីជើងស្រុកជលគីរីខេត្តកំពង់ឆ្នាំង៕