មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់បានខលទៅប្រពន្ធរបស់ខ្លួនសួរថា កូនមានទឹកដោះគោញាំទេ? បន្ទាប់មកស្ត្រីជាប្រពន្ធបានឆ្លើយប្រាប់ថា កូនមានទឹកដោះគោបៅហើយ
ដោយសារមានការសង្ស័យបុរសជាប្តីបានទៅដល់ផ្ទះ ស្រាប់តែឃើញប្រពន្ធកំពុងរស់នៅជាមួយប្រុសផ្សេង ធ្វើឲ្យបុរសនោះទប់ចិត្តមិនបានក៏ឈ្លោះប្រកែកផ្អើលអ្នកជិតខាង។
ដែលហេតុការណ៍បុរសជាប្តីតាមទាន់ប្រពន្ធកំពុងនៅរួមស្នេហ៍ជាមួយប្រុសថ្មីនេះ បានកើតឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចអគារបុរីកីឡា (អគារD) ជាន់ទី១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បុរសជាប្តីមិនត្រូវបានេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានមុខរបរជាប៉ូលិស។ ស្ត្រីជាប្រពន្ធ មានឈ្មោះ ហ.ប.ល អាយុ៣១ឆ្នាំ ស្នាក់នៅអគារបុរីកីឡា (អគារD) ជាន់ទី១ ផ្ទះលេខ២៩ តាមបណ្តោផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីបុរសជាប្តីបានឲ្យដឹងថា កន្លងមក ប្តីប្រពន្ធរបស់គាត់បានរៀបការជាមួយគ្នា បង្កើតបានកូនម្នាក់ អំឡុងពេលរស់នៅជាមួយគ្នានោះ គឺមិនមានការចុះសម្រុងនឹងគ្នាទេ រហូតដល់ព្រពន្ធរបស់គាត់ដាក់ពាក្យបណ្តឹងលែងលះ ប៉ុន្តែមិនទាន់ដល់តុលាការនោះទេ។
បុរសជាប្តីបានបន្តថា កន្លងមករូបគាត់បានតាមដានដឹងថា ប្រពន្ធរបស់គាត់កំពុងមានស្នេហាថ្មីជាមួយបុរសម្នាក់ ទើបតែនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ រូបគាត់បានខលទៅប្រពន្ធប្រាប់ថា ទិញទឹកដោះគោឲ្យកូន ស្រាប់តែប្រពន្ធរបស់លោកបានឆ្លើយមកវិញថា កូនមានទឹកដោះគោបៅហើយ ចាំលើកក្រោយទៅ រួចហើយក៏បិទទូរស័ព្ទទៅ។
បុរសជាប្តីបន្ថែមថា ដោយមានការសង្ស័យ គាត់ក៏បានមកដល់បន្ទប់ប្រពន្ធរបស់ខ្លួន ហើយបានបើកទ្វារទៅ ឃើញប្រពន្ធរបស់ខ្លួន និងសហាយកំពុងរួមស្នេហ៍ជាមួយគ្នាយ៉ាងមានសេចក្តីសុខ ធ្វើឲ្យគាត់ទប់កំហឹងមិនបានក៏ឈ្លោះប្រកែកគ្នាមួយប្រាវ
បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ច បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា រង់ចាំតុលាការប្រកាសសាលក្រម ៕