មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានស្ត្រីជាប្រពន្ធដើមម្នាក់ ដែលដឹកដៃកូនទៅអុកឡុកពិធីមង្គលការប្តីជាមួយនឹងប្រពន្ធក្រោយ កាលពីដើមឆ្នាំ២០២០ បង្កការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសនោះ។
ពេលនេះ នាងត្រូវកម្លាំងកងរាជអា វុ ធហត្ថខេត្តកណ្តាល ចុះអនុវត្តន៍ដីកា ចាប់ខ្លួន កាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈនាងកំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ តាមបណ្តឹងរបស់នារីជាប្រពន្ធថ្មីប្តី។
សមត្ថកិច្ច បានឲ្យដឹងថា ដើមបណ្តឹង មានឈ្មោះ ទេស ស្រីនាង អាយុ៣៥ឆ្នាំ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
នាងបានរៀបការជាមួយឈ្មោះលី ច្រាយ អាយុ២៩ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។ដោយឡែក ជនត្រូវចោទ ជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។
ប្រភពបន្តថា ការចាប់ខ្លួនស្រ្តីជាប់ចោទនេះ គឺអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកជួន វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពីបទ រំលោភលើលំនៅឋាន និងបរិហាកេរ្តិ៍ជាសាធារណៈ
ដែលបានប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។បច្ចុប្បន្ន ជនត្រូវចោទបានបញ្ជូនទៅបញ្ជាកាដ្ឋានកងរាជអាវុធខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។
យ៉ាងណាក៏ដោយ ក្រោយពីធ្វើការឃាត់ខ្លួនក្រោយមកលោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាលសម្រេច មិនឃុំខ្លួន ហើយដោះលែងឲ្យមានសេរីភាពវិញហើយ ដោយមិនបានធ្វើការឃុំខ្លួនតាមការប្តឹងរបស់ប្រពន្ធក្រោយនោះវិញទេ។