នារសៀលថ្ងៃទី១៧ ខែវិច្ឆឹកា ឆ្នាំ២០២០នេះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លើសំណុំរឿងអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តព្រះសីហនុ
ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន១០០លានរៀល នឹងរឺបអូសដីចំនួន៣កន្លែងដាក់ចូលជាសម្បត្តិរដ្ឋ ។
សាលក្រមនេះបានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរតាមកំណត់ច្បាប់ ។ ជនជាប់សង្ស័យមានឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ៤៥ឆ្នាំ អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តព្រះសីហនុ ។
សូមរំលឹកថា នៅរសៀលថ្ងៃទី៥ ខែមីនា តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់ខេត្តព្រះសីហនុ ជាផ្លូវការហើយ ហើយក៏បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួររួចផងដែរ ។
អ្នកនាំពាក្យសាលាដំបូងបញ្ជាក់ទៀតថា ការសម្រេចចោទប្រកាន់លើជនសង្ស័យគឺមានចំនួន៣បទល្មើស៖ ១-បទរំលោភអំណាច ២-បទបំពានធនធានធម្មជាតិ ៣-បទផ្តល់និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះត្រូវបានចាត់បញ្ជូនទៅដល់ដៃលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមច្បាប់ជាធរមាន ។
គួរបញ្ជាក់ថា អតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម នឹងសំណង់ ខេត្តព្រះសីហនុ នាវេលាម៉ោង៥ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ដើម្បីប្រគល់ជូនស្ថាប័នអយ្យការ ធ្វើការសាកសួរ នឹងចោទប្រកាន់ជាផ្លូវការ ពាក់ពន្ធប្រព្រឹត្តបទល្មើសពុករលួយ ។ ជនជាប់សង្ស័យមានឈ្មោះ នួន ប៉ុក ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ។
ជនសង្ស័យត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ដែលធ្វើឡើងនៅខេត្តព្រះសីហនុ នឹងបានបញ្ជូនមកកាន់រាជធានីភ្នំពេញតែម្តង ។
ក្រោយការឃាត់ខ្លួនអង្គភាពប្រឆាំងអំពើពុករលួយ បានបើកការសាកសួរអស់រយៈពេល៤៨ម៉ោង ហើយអាចរកឃើញពាក់ព័ន្ធបទល្មើសពុករលួយមែននោះ ទើបត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យនៅពេលនាំមកដល់សាលាដំបូងរាជធានីភ្នំពេញ គ្រាន់តែបានថតរូបទុកជាឯកសារដែលដំណើរការតាមនីតិ វិធី រួចរាល់ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅអង្គភាពវិញ ។
យ៉ាងណាក្តីសំណុំរឿងនេះ ត្រូវបានស្ថិតនៅដៃលោក គុជ គឹមឡុង ព្រះរាជអា ជ្ញារងកំពុងធ្វើការសាកសួរ តែមិនទាន់បានដំណើរការក្នុងការសាកសួរទេ ក៏ផុតម៉ោងរដ្ឋបាលទៅ ហើយជនសង្ស័យត្រូវបានប្រគល់ឲ្យទៅសមត្តកិច្ចអង្គភាព ACU យកទៅវិញ នឹងតម្រូវឲ្យព្រឹកថ្ងៃទី៥ ខែមីនា នាំមកសាកសួរជាផ្លូវការ ។
បើតាមទំហំបទល្មើសទាំង៣ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ខាងលើនេះ ជនសង្ស័យអតីតប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្មខេត្តព្រះសីហនុគឺលោក នួន ប៉ុក មិនអាចគេចផុតពីការឃុំខ្លួនក្នុងពន្ធនាគារនោះឡើយ ៕