មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីថ្មីមួយ ដោយមានអ្នកបាត់កូនពីផ្ទះ ឪពុកម្តាយដើររក ស្រាប់តែប្រទះឃើញក្លាយជានេនសង្ឃដើរបិណ្ឌបាតតាមផ្លូវ
ក៏បាននាំគ្នាចាប់គ្រៀកដាក់កង់បី យកទៅសួរនាំ ក៍បែកធ្លាយមានភិក្ខុមួយអង្គបានលួងលោម បំបួសក្មេងដោយខ្លួនឯងខុសពីពុទ្ធវិន័យ
ដើម្បីឲ្យដើរបិណ្ឌបាតប្រមូលលុយឱ្យខ្លួនស៊ីចាយ ត្រូវបានព្រះអនុគណក្រុងសៀមរាប ចាប់សឹកឲ្យទៅជាគ្រហស្ថ ។
ទាក់ទិននឹងភិក្ខុសង្ឃអង្គនេះគឺជាការចាប់ផ្សឹកលើកទី២ហើយ ដែលលើកទី១/ភិក្ខុអង្គនេះនាម ពិន ពិសី ព្រះជន្ម៣៦ឆ្នាំ កាលពីប៉ុន្មានឆ្នាំមុន បានបួសទៅវត្តពោធិ៍ពីរដើម បានរយៈពេល១ឆ្នាំ
ត្រូវបានចៅអធិការវត្តឱ្យសឹកចេញពីវត្ត ព្រោះតែមានស្រីញីនៅក្នុងវត្ត ហើយលើកទី២នេះ ត្រូវបានព្រះគ្រូ ចៅអធិការវត្តអង្គរខាងត្បូងជាអនុគណ ក្រុងសៀមរាប ចាប់សឹកឱ្យទៅជាគ្រហស្ថវិញ ។
ព្រោះបានបបួលក្មេងឱ្យមកបួសដោយខ្លួនឯង ដើម្បីដើរបិណ្ឌបាតជាមួយ រកលុយ ហើយត្រូវបានឪពុកម្តាយក្មេងប្រុសនេះដែលបានបាត់កូនចេញពីផ្ទះអស់រយៈពេល៤ថ្ងៃ បានតាមរកទើបប្រទះឃើញសង្ឃ៣អង្គ។
ក្នុងនោះ មានកូននេន២អង្គ នៅក្រោយផ្សារលើធំថ្មី ក៏មានការប្រតាយប្រតប់ដណ្ដើមគ្នាជាមួយភិក្ខុសង្ឃនោះ ។ ស្រាប់តែបាត់កូននេនតែត្រូវបានសន្តិសុខផ្សារនាំយកមកប្រគល់ឱ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម រួចនាំយកបន្តមកឱ្យព្រះគ្រូអនុគណក្រុងចាត់ការ ។
ការប្រតាយប្រតប់គ្នារវាងភិក្ខុសង្ឃអង្គនេះនិងឪពុកម្ដាយក្មេងប្រុសបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ វិច្ឆិកា ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី កន្លែងលក់ត្រី ក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បើតាមសម្តីរបស់ឪពុកម្តាយក្មេងប្រុសរស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដែលមានកូនប្រុសម្នាក់ ឈ្មោះ ម៉ូវ សុភ័ស្ស អាយុ១១ឆ្នាំ សិស្ស ដែលបានបាត់ពីផ្ទះកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
ពួកគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់នគរធំ ក្រុងសៀមរាប ឱ្យជួយរក ។ លុះរហូតមកដល់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ ក៏ត្រូវបានក្មួយរត់ម៉ូតូនៅមុខផ្សារលើ ប្រទះឃើញកំពុងដើរបិណ្ឌបាតជាមួយភិក្ខុសង្ឃមួយអង្គ សរុបមានគ្នា៣នាក់។
ពេលនោះ ក្មួយគាត់ក៏បានខលទូរស័ព្ទប្រាប់មួយសន្ទុះគាត់និងប្រពន្ធ ព្រមទាំងក្មួយក៏បានទៅចាប់អូសដៃកូននេនចេញ ប៉ុន្តែភិក្ខុអង្គនោះមិនព្រមឱ្យក៏មានការប្រតាយប្រតប់គ្នា
ទើបមានបងប្អូនអាជីវករនៅក្បែរនោះជួយឃាត់។ មួយសន្ទុះ ទើបឃើញសន្តិសុខផ្សារលើធំថ្មីបានមកហៅឱ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ។
ដោយឃើញស្ថានភាព ជាភិក្ខុសង្ឃ ទើបសមត្ថកិច្ចមូលដ្ឋានបានដឹកសង្ឃ និងកូននេនដែលខ្លួនបំបួសដោយខ្លួនឯងនិងឪពុកម្តាយនាំយកទៅវត្តក្បាលខ្មោច ដែលមានចៅអធិការវត្ត ព្រះនាម ឡាច លាង និងជាព្រះអនុគណក្រុងសៀមរាប ខណៈពេលនោះ ចៅអធិការវត្តអវត្តមាន។
ប៉ុន្តែមានវត្តមានព្រះគ្រូចៅអធិការវត្ត ឥន្ទកោសីយ៍ហៅវត្តកណ្តាល ព្រះនាមតាត មហាទី និងព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម ព្រះខន្តិ រង្សី ព្រះវិន័យធរ អនុគណ ក្រុងសៀមរាប ជំនុំគ្នាសម្រេចចាប់ផ្សឹកភ្លាមៗតែម្តង។
ព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម ព្រះ ខន្តិ រង្សី ព្រះវិន័យធរអនុគណក្រុងសៀមរាប បានមានថេរដីការថា ព្រះអង្គត្រូវតែធ្វើកំណត់ហេតុដើម្បីឱ្យភិក្ខុ ពិន ពិសី ផ្តិតមេដៃ សឹកក្នុងពេលនេះ ដើម្បីកុំឱ្យល្មើសនិងច្បាប់ ព្រះពុទ្ធសាសនា ។
ចំណែក ភិក្ខុ ពិន ពិសី ព្រះជន្ម៣៦ព្រះវស្សាកាន់ឆាយាលេខ៣៣២/១៨ ពិតជាបានដើរបិណ្ឌបាតមិនប្រក្រតី និងបោកក្មេងៗឱ្យមកបំបួសមែន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដូច្នេះត្រូវឱ្យសឹកចេញទៅជាគ្រហស្ថធម្មតាវិញ ៕