មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ប្តីប្រពន្ធ ពាក់ព័ន្ធនឹងករណីជួញដូរសត្វព្រៃ
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនជាតិវៀតណាម ប្តីឈ្មោះ ដូ វ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ យឿង យិងិន វត្ថុតាងដកហូតបានរួមមាន៖ សត្វសំពោធចំនួន ៣ក្បាល សត្វកាធាយចំនួន ១ក្បាល និងទូរស័ព្ទដៃ ២គ្រឿង។
ដោយមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី
កម្លាំងនគរបាលស្រុកអូរយ៉ាដាវ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយដកហូតបានសត្វព្រៃមួយចំនួន កាលពីវេលាម៉ោង១៩៖៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
មុនឈានដល់ការចុះបង្ក្រាបនេះ គឺកម្លាំងសម្ងាត់បានតាមដានសកម្មភាពនេះ ជាយូរមកហើយទើបសុំយោបល់ថ្នាក់លើបង្ក្រាបជាក់ស្តែងតែម្តង។
សមត្ថកិច្ចដោយឡែកទៀតបង្ហើបឱ្យដឹងថា ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធប្រកបមុខរបរជួញដូរសត្វព្រៃខុសច្បាប់ ទៅប្រទេសវៀតណាម តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន ជាយូរណាស់មកហើយ ដោយមានសមត្ថកិច្ចខិលខូចមួយចំនួន ដែលបានទទួលផលប្រយោជន៍ជួយកាងពីក្រោយឱ្យថែមទៀតផង។
ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធ និងវត្ថុតាងត្រូវបានមន្ត្រីនគរបាលស្រុកអូរយ៉ាដាវ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើផ្នែកបរកែវចាត់ចែងបន្ត។ ករណីនេះ ត្រូវបានគេបង្ហើបឱ្យដឹងថាកំពុងមានអ្នករត់ការណ៍ខ្វែងខ្វាត់ ដើម្បីឱ្យជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធនេះរួចពីសំណាញ់ច្បាប់ ៕