មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលមានប្រជាពលរដ្ឋចាប់បានសត្វពស់ថ្លាន់មួយក្បាល
ដែលពស់នោះមានទម្ងន់ជាង២០គីឡូក្រាម ខណៈដែលវាកំពុងវៀរលូនចូលក្នុងទ្រុងមាន់ ដើម្បីចាប់មាន់ស៊ី
ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលចាប់បានពស់ថ្លាន់ខាងលើនេះ គឺនៅក្នុងភូមិរបស់គាត់តែងតែបាត់មាន់ជាញឹកញយ ហើយតាមចាប់មិនដែលទាន់នោះទេ
លុះមកដល់ព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកានេះ សត្វមាន់បានចូលទ្រុងរកទ្រនំទៅហើយ ក៏ស្រាប់តែមាន់ផ្អើល រួចស្រែករត់គេចយ៉ាងប្រសាចតែម្តង ។
លុះពេលគាត់ដើរទៅពិនិត្យមើលជាក់ស្តែង ទើបដឹងថា មានសត្វពស់ថ្លាន់មួយក្បាលលូនវារចូលក្នុងទ្រុងប៉ុនប៉ងចាប់មាន់ស៊ី ។ ដោយរកមុខឃើញដូច្នេះហើយ ទើបអ៊ីចឹងតើ បានចេះតែបាត់មាន់រហូតតែម្តង ។
ប្រជាពលរដ្ឋបន្តថា ក្រោយមកគាត់ក៏ចាប់សត្វពស់ថ្លាន់មួយក្បាលនោះច្រកបាវ រួចយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ចោមចៅ៣ ដើម្បីរង់ចាំប្រគល់បន្តទៅឲ្យខាងអភិរក្សសត្វព្រៃតែម្តង។
ពលរដ្ឋបន្តទៀតងថា ថ្វីត្បិតតែសត្វពស់ថ្លាន់នេះ បានលួចចាប់មាន់អ្នកភូមិស៊ីមែន ក៏ប៉ុន្តែដើម្បីរួមចំណែកអភិរក្សសត្វព្រៃ គឺមានតែចាប់យកទៅប្រគល់ឲ្យអាជ្ញាធរ ឬសមត្ថកិច្ចតែប៉ុណ្ណោះ ។
ក្រោយពីចាប់បានសត្វពស់ថ្លាន់មួយក្បាលខាងលើនេះ ពលរដ្ឋក៏ច្រកបាវយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ចោមចៅ៣ និងរាយការណ៍បន្តទៅខាងអភិរក្សសត្វព្រៃ មកទទួលយកទៅលែង ឬរក្សាទុកទីកន្លែងណាមានសុវត្ថិភាព ចៀសវាងធ្លាក់ទៅដៃជនខិលខូចយកធ្វើអាជីវកម្មជួញដូរសត្វព្រៃដោយខុសច្បាប់ ៕