សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែររកឃើញជំងឺកូវីដ-១៩ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ តាមខ្សែអាត់សំឡេងថា «ឯកឧត្ត សក់ សេដ្ឋា សរសេរបទបញ្ជាមួយមកខ្ញុំ ដើម្បីចុះហត្ថលេខា យើងបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ» ជាបណ្ដោះអាសន្នសិន។
រីឯអគ្គនាយកដ្ឋានពន្ធនាគារ ដែលសម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទបណ្ដោះអាសន្ននេះ មានទីតាំងនៅអគារ N នៃទីស្ដីការក្រសួងមហាផ្ទៃ។ ទោះជាយ៉ាងណាការបិទនេះ មិនតម្រូវឲ្យបិទទាំងស្រុងនោះទេ ពោលគឺបិទតែកន្លែងធ្វើការផ្ទាល់ខ្លួនរបស់អគ្គនាយកដ្ឋានពន្ធនាគារតែប៉ុណ្ណោះ។ រីឯកន្លែងផ្សេង គឺនៅធ្វើការធម្មតា។
ក្រោយផ្ទុះនូវព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នេះ មន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ថ្នាក់ដឹកនាំបានបញ្ជាភ្លាមៗ ឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគ ជាបន្ដបន្ទាប់ ហើយបុគ្គលិក និងមន្រ្ដីនគរបាល
មុននឹងចូល ធ្វើការ នៅក្នុងអគារ N នេះ តម្រូវតែឲ្យឆ្លងកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតដៃ ដែលរៀបចំដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ដែលបានទៅពិនិត្យសំណាក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្វីបើលទ្ធផល បង្ហាញថា អវិជ្ជមានកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែពួកគាត់ត្រូវបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ហើយបន្ដធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន កាលពីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសពីការផ្តល់សិទ្ធិឲ្យរដ្ឋមន្ត្រី និងអភិបាលរាជធានីខេត្ត បិទក្រសួង បិទសាលា បិទអាហារដ្ឋាន ឬទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅធ្វើតេស្ត ស្វែងរកមេរោគ ដោយមិនអស់ប្រាក់។
ទោះជាយ៉ាងណា រហូតមកដល់ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ បញ្ជាក់ថា ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់១៤នាក់៕