កាលពីពេលថ្មីៗនេះមានការលើកឡើងពីសំណាក់អាជីវករជាច្រើន ដែលបានបង្ហាញការត្អូញត្អែរ ចំពោះតម្លៃម្ទេសលើទីផ្សារក្នុងស្រុក ព្រោះតែមានការឡើងថ្លៃខ្លាំង គួរឲ្យកត់សម្គាល់
ដែលជាហេតុធ្វើឲ្យអ្នកទិញភាគច្រើនបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម នឹងទាមទារចង់ដឹងពីមូលហេតុដែលបណ្តាលឲ្យ មានបញ្ហានៃ ការឡើងថ្លៃម្ទេសនេះឡើង។
យោងតាមការឱ្យដឹងពីសំណាក់អាជីវករជាច្រើន នៅផ្សារបឹងកេងកង បានបញ្ជាក់ឲ្យដឹងថារឿងតម្លៃម្ទេសឡើងថ្លៃនេះ គឺជាការពិតមែន ហើយមិនមែនមកពី ពួកគាត់ចង់លក់ ក្នុងតម្លៃថ្លៃបែបនេះទេ តែព្រោះតែពួកគាត់យកត មកពីឈ្មួញកណ្តាលក្នុងតម្លៃថ្លៃបែបនេះ ទៅហើយ។
សម្រាប់គាត់ ដែលជាអ្នកលក់ផ្ទាល់ ក៏ពិបាកក្នុងការលក់ចេញ ទៅឲ្យអ្នកទិញដូចគ្នាដែរ ហើយពួកគាត់ក៏បានប្រាប់ទៀតថា ភាគច្រើនក្នុងអំឡុងខែនេះ ម្ទេសតែងតែមាន ការឡើងថ្លៃបែបនេះ។ ពោលគឺ ក្នុងពេលធម្មតាម្ទេសនាំចូលមក ១គីឡូតម្លៃត្រឹមតែ១ម៉ឺន ទៅ ១ម៉ឺន៥ ពាន់រៀល តែប៉ុណ្ណោះ។
តែក្នុងពេលថ្មីៗនេះតម្លៃម្ទេសហាក់មានការឡើងថ្លៃខ្លាំង រហូតដល់ទៅ២ម៉ឺន៥ពាន់ ដល់ទៅ៣ម៉ឺនរៀល ឯណ្ណោះ។ហើយនេះក៏ជាបញ្ហាដែល អ្នកស្រីមិនហ៊ានយកមកលក់ដូចពេលរាល់ដងដែរ ដោយសារតម្លៃថ្លៃ ពិបាកលក់ព្រោះក្នុង ១ខាំត្រូវលក់ចេញ៣០០០រៀលទៅហើយ។
រីឯអាជីវករ ម្នាក់ទៀតនេះ ក៏បានលើកឡើង មិនខុសគ្នាប៉ុន្មានដែរថា ម្ទេសដែលយកមកលក់លើទីផ្សារ ក្នុងស្រុកយើងនេះគឺ មានការនាំចូលមកពី ៣ប្រភពផ្សេងៗគ្នាក្នុងនោះមានដូចជាមកពី ប្រទេសវៀតណាម ថៃ និងរបស់ខ្មែរយើងផ្ទាល់។
ក៏ប៉ុន្តែ សម្រាប់ម្ទេសខ្មែរជាធម្មតាមានតម្លៃថ្លៃ ជាងម្ទេសនាំចូល ដោយសារតែវាមានគុណភាពល្អជាង ហើយចំពោះ មូលហេតុពិតប្រាកដ នៃការឡើងថ្លៃនេះ គាត់ក៏មិនសូវជាដឹងច្បាស់ដែរ តែអាចបណ្តាលមកពី តម្លៃម្ទេសដែល នាំចូលពីខាងក្រៅ មកមានការឡើងថ្លៃស្រាប់និងដោយសារតែកង្វះ នៃការផ្គត់ផ្គង់ម្ទេស ក្នុងស្រុករបស់យើងផងដែរ៕