យោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ កាលពី១១ម៉ោងមុន បានបង្ហោះថា «មណ្ឌលគិរី ៖ អាណិតឯកឧត្ដមផ្កាយបួនខ្លោចចិត្ត គេចុះទៅដករបង អត់ហ៊ានមាត់មួយម៉ាត់»។
ជាមួយគ្នានោះដែរ កាលពី១៣ម៉ោងមុន លោកផែង វណ្ណៈ បានបង្ហោះអត្ថបទមួយមានខ្លឹមសារថា «ក្ដៅៗពីខេត្តមណ្ឌលគីរី ៖
ដោយមើលឃើញអាជ្ញាធរខេត្តព្រងើយកន្តើយចំពោះការទន្ទ្រានកាន់កាប់ដីរដ្ឋពីសំណាក់បុគ្គលមានលុយ មានអំណាច នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មន្រ្តីក្រសួងបរិស្ថាន
ដោយមានការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង ខេត្តមណ្ឌលគីរី បានដឹកនាំកម្លាំងចម្រុះចុះដកហូតបង្គោលរបងជាង ៣០០០ ដើម
ស្ថិតនៅភូមិពូស្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលព័ទ្ធជុំវិញដីមន្រ្តីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ ។
សកម្មភាពចុះដកហូតរុះរើរបងដី ដែលមន្រ្តីមានលុយ មានអំណាចនេះ មិនមែនជាលើកទី១ទេ គឺបានចុះជាបន្ដបន្ទាប់រួចមកហើយ តែបុគ្គលមានអំណាចលោភលន់មិនខ្លាចកោតក្រែងរអែងច្បាប់
នៅតែឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ ។ ជាពិសេសការទន្ទ្រានខ្លះ មានចុះហត្ថលេខាទទួលស្គាល់ពី លោកស្វាយ សំអ៊ាង អភិបាលខេត្តទៀតផង ។
ការទន្ទ្រានដីរដ្ឋនៅខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា បើខ្មោចក្នុងមិនអោយដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ ។ មានន័យថា ការទន្ទ្រានយកដីរដ្ឋនៅខេត្តមណ្ឌលគិរី គឺមានការឃុបឃិតគ្នាជាប្រព័ន្ធតែម្ដង ។
ចំណែកលោកស្វាយ សំអ៊ាង អភិបាលខេត្ត ដែលចេះតែចុះហត្ថលេខាជាបន្តបន្ទាប់ តែមិនដែលទទួលខុសត្រូវចំពោះមុខច្បាប់ទេ ។ ទោះបីជាមានរឿងធំប៉ុនៗភ្នំក៏ដោយ ក៏លោកស្វាយ សំអ៊ាង រួចខ្លួនរហូត ។
កន្លងមកទីស្ដីការគណៈរដ្ឋមន្ត្រី ធ្លាប់បានធ្វើសំណើរសុំសម្រួលភារកិច្ចលោកស្វាយ សំអ៊ាង ពីអភិបាលខេត្ត មណ្ឌលគិរី ម្ដងរួចមកហើយ ដោយរបាយការណ៍របស់គណៈរដ្ឋមន្ត្រី បានសរសេរថា
ឯកឧត្តមស្វាយ សំអ៊ាង មានការធ្វេសប្រហែស បណ្ដាលឲ្យមានការទន្ទ្រានដីរដ្ឋជាច្រើន ហើយឯកសារខ្លះ លោកចុះហត្ថលេខាទទួលស្គាល់ទៀតផង ។
ឥឡូវនេះ ករណីទន្ទ្រានយកដីរដ្ឋនៅខេត្តមណ្ឌលគិរី នៅតែបន្ត បង្ហាញអោយឃើញថា លោកស្វាយ សំអ៊ាង គ្មានឆន្ទៈក្នុងការគ្រប់គ្រងទប់ស្កាត់បង្ក្រាបការទន្ទ្រានដីខុសច្បាប់នោះទេ ។
តែដោយសារតែលោកជាមនុស្សពូកែអែបអបថ្នាក់លើ ទើបលោកមានសំណាងបានបន្តដំណែងជាអភិបាលខេត្តមណ្ឌលគិរី ក្រោមការពេបជ្រាយយ៉ាងខ្លាំងពីមហាជន ។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញលិខិតមួយច្បាប់ផ្ញើជូនទៅក្រសួងកសិកម្ម និងអភិបាលខេត្តមណ្ឌលគិរី
ដើម្បីចាត់វិធានការចំពោះការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងនិរាករណ៍ឯកសារកាន់កាប់ដី ដែលចេញដោយខុសច្បាប់ផងដែរ ។
មហាជនកំពុងរង់ចាំមើលថា តើក្រសួងកសិកម្ម និងអភិបាល ដែលទទួលបានដាវអាជ្ញាសិកពីព្រះឥន្ធហើយចាត់ការបែបណា ?»៕