នៅមុននេះបន្តិចមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Zana Chhan បានធ្វើការ Live Video ពរកូនស្រីស្រែកទួញយំរៀបរាប់អំពី
ករណីប្តីលួចមករៀបការប្រពន្ធ ទាំងដែលខ្លួនមានប្រពន្ធ និងកូនធំៗទៅហើយ បែរជាលួចប្រមូលទ្រព្យសម្បត្តិមករៀបការជាមួយនឹងស្រីថ្មី
ហើយខណៈពេលដែលនាងបានពរកូនមកដល់មុខរោងការ បែរជាត្រូវបានអាជ្ញាធរធ្វើការហាមឃាត់មិនឱ្យរូបនាងចូលទៅក្នុងរោងការនោះទេ
ដែលករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងវីដេអូ Live នោះម្ចាស់គណនីខាងលើមិនបានបញ្ជាក់ច្បាស់អំពីអត្តសញ្ញាណរបស់ខ្លួន និងប្តីរបស់ខ្លួននោះទេ ដោយគ្រាន់តែនាងបានធ្វើការអំពាវនាវឱ្យមានការជួយពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកកាសែតតែប៉ុណ្ណោះ។
ជាងនេះទៅទៀត ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ក៏មានអ្នកចូលមកធ្វើការ Comment បញ្ជាក់អំពីសាច់រឿងដែលបានកើតឡើងខាងលើផងដែរ
ដោយក្នុងនោះមានគណនីហ្វេសបុកមួយបានលើកឡើងថា តាមពិតស្ត្រីខាងលើបានធ្វើការលែងលះគ្នាជាមួយនឹងប្តីរួចហើយ ដោយមានទាំងសាលក្រមតុលាការទៅទៀត
ដោយសារតែមូលហេតុនេះទើបបានជាអជ្ញាធរបានធ្វើការហាមឃាត់រូបនាងមិនឱ្យចូលទៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់អតីតប្តីរបស់ខ្លួនបែបនេះ។
ក្រោយពីដឹងច្បាស់នូវហេតុការណ៍ខាងលើនេះ ក៏មានមហាជនជាច្រើនបានធ្វើការ Comment លើកទឹកចិត្តរូបនាងឱ្យរឹងមាំឡើងផងដែរ ដោយសារតែអ្វីៗត្រូវបានបញ្ចប់រួចអស់ទៅហើយ។