មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយោងតាមការបង្ហោះផ្សាយរបស់ទំព័រហ្វេសបុកមួយដែលមានឈ្មោះថា «Sorn Sopheak-ស៊ន សុភក្រ្ត» បានធ្វើការបង្ហោះសារ និងរូបភាព
អំពីករណីមួយដែលអភិបាលរងខេត្តបាត់ដំបងលោក ឆាយ ម៉ាទីណាល់ បានយកបង្គោលថ្មមកបោះចំកណ្តាលផ្លូវតែម្តង ដោយបានអះអាងថាបង្គោលនោះគឺបានបោះនៅលើដីរបស់គាត់។
ជាងនេះទៅទៀត ទំព័រហ្វេសបុកខាងលើក៏បានបង្ហោះសារឱ្យដឹងទៀតថា ដំបូងឡើយផ្លូវនោះគឺមានទំហំត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះ
ប៉ុន្តែក្រោយមកអាជ្ញាធរក៏បានពង្រីកផ្លូវនោះរហូតដល់ទំហំ៨ម៉ែត្រ ប៉ុន្តែបើទោះបីជាអាជ្ញាធរបានធ្វើការឈូសឆាយចេញជាផ្លូវទៅហើយក្តី
ក៏លោកអភិបាលរងនៅតែមិនព្រម និងបានធ្វើការបោះបង្គោលនៅកណ្តាលផ្លូវនោះ ត្រឹមព្រំដីរបស់គាត់កាលពីពេលមុនតែម្តង។
ខ្លឹមសារទាំងស្រុងដែលទំព័រហ្វេសបុកខាងលើបានបង្ហោះមានខ្លឹមសារទាំងស្រុងថា៖ «ចេះតែមានហ្មង! អភិបាលរងខេត្តបាត់ដំបង
លោក ឆាយ ម៉ាទីណាល់ យកបង្គោលថ្មទៅបោះចំកណ្តាលផ្លូវ ដោយសារគាត់អះអាងថា ជាដីរបស់គាត់ ដែលពីមុនមានទទឹង៤ម៉ែត្រ តែក្រោយមករដ្ឋពង្រីកផ្លូវរហូតដល់៨ម៉ែត្រ!
គាត់នៅតែទាមទារលើម្ចាស់កម្មសិទ្ធិដីនេះដដែល ទោះរដ្ឋបានឈូសឆាយចេញជាផ្លូវក៏ដោយ! ដីនេះស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង!»