កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នាវែកញែក និងបញ្ចេញមតិរៀងខ្លួន
ចំពោះរូបព្រះពុទ្ធបដិមាកចំនួន២អង្គ ដែលមានអ្នកខ្លះយល់ឃើញថាជាការកសាងខុសពីរចនាបទដើម ចំណែកឯអ្នកខ្លះទៀតយល់ឃើញថាជាការត្រឹមត្រូវតាមខ្នាតដើម។
ចំពោះការកសាង រូបព្រះពុទ្ធបដិមាកនេះដែរ បានធ្វើឡើងនៅក្នុងវត្តពាមតាឯក ឃុំពាមឧកញ៉ាអូង ស្រុកល្វាឯម ខេត្តកណ្តាល និងជាការស្នើសុំឲ្យមានការកសាងពីសំណាក់ឧបាសកម្នាក់ ។
នៅក្នុងការការវែកញែក ក៏ដូចជាមានការរិះគន់ជាខ្លាំងពីសំណាក់មហាជននោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមម្នាក់បានចេញមុខមកបកស្រាយយ៉ាងដូច្នេះថា
“លក្ខណៈភិនភាគរូបព្រះកាយ ទម្រង់ព្រះភ័ក្រ្ត គម្ពីរឈ្មោះពិតប្រាកដរបស់ព្រះពុទ្ធទាំង ៥អង្គ ដែលបានត្រាស់ដឹងនៅក្នុងភពផែនដីយើងនេះ បានបដិស្ថានទៅតាមសម័យកាលនីមួយៗ លទ្ធិផ្សេងៗពីគ្នា៖
ព្រះពុទ្ធទី១៖ ព្រះនាម ព្រះកុស្វរសន្ធោ (ព្រះកុស្វារៈ) ត្រាស់នៅក្នុងសម័យកាលបុរេប្រវត្តិស្វាមនុស្ស (ស្វារៈ) ទីកន្លែងដែលព្រះអង្គបានត្រាស់គឺស្ថិតនៅជើងភ្នំគម្ដែង ឬ ជើងភ្នំមីដែងប៉ែកខាងតំបន់ខេត្តស្វាយរៀងប្រទេសយួន
សព្វថ្ងៃ ទ្រង់បានបង្កើត “គម្ពីរសុរិយៈ” សម្ដៅលើធម៍ ធម្មជាតិ លទ្ធិសាសនារបស់ព្រះអង្គបែរព្រះភ័ក្រ្តទៅទិសខាងលើ បើគិតមកដល់សព្វថ្ងៃសាសនារបស់ព្រះអង្គមានអាយុកាល ៤៥១៩ ព្រះវស្សាហើយ។
ព្រះពុទ្ធទី២៖ ព្រះនាម ព្រះកស្សបៈ (នាគមនុស្ស) ត្រាស់នៅក្នុងយុគសម័យកាលស្វារៈកំពុងតែវិវឌ្ឍន៍ខ្លួនទៅជាមនុស្ស ទីកន្លែងដែលព្រះអង្គបានត្រាស់គឺស្ថិតនៅបាតភ្នំគូលែន ខេត្តសៀមរាបសព្វថ្ងៃ ទ្រង់បានបង្កើត
“គម្ពីរវេទ” (វេទកុសល និង វេទអកុសល) សម្ដៅលើធម៌បែងចែកជាពីរ ល្អ និង អាក្រក់ លទ្ធិសាសនារបស់ព្រះអង្គបែរព្រះភ័ក្រ្តទៅទិសខាងជើង បើគិតមកដល់សព្វថ្ងៃសាសនារបស់ព្រះអង្គមានអាយុកាល ៤០១៩ ព្រះវស្សាហើយ។
ព្រះពុទ្ធទី៣៖ ព្រះនាម ព្រះកោនាគមនោ (ព្រះនាងនាគ) ត្រាស់នៅក្នុងសម័យកាលនាគ (សម័យគោកធ្លក) ទីកន្លែងដែលព្រះអង្គបានត្រាស់គឺស្ថិតនៅតំបន់បាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ
ទ្រង់បានបង្កើត “គម្ពីរមេត្រី” សម្ដៅលើធម៌ ព្រះស្រ្តីទាំងបីអង្គ លទ្ធិសាសនារបស់ព្រះអង្គបែរព្រះភ័ក្រ្តទៅទិសខាងលិច បើគិតមកដល់សព្វថ្ងៃមានអាយុកាល ៣៥១៩ ព្រះវស្សាហើយ។
ព្រះពុទ្ធទី៤៖ ព្រះនាម ព្រះសមណគោតម (ព្រះសត្ថតៈ) ត្រាស់នៅក្នុងសម័យកាល មនុស្សពេញលេញ ទីកន្លែងដែលព្រះអង្គបានត្រាស់គឺស្ថិតនៅឯបាភ្នំដែរ ព្រោះទ្រង់បានធ្វើដំណើរគោចរពីស្រុកឥណ្ឌាមកដើម្បីសុំបួសពីព្រះពុទ្ធទី៣ ធ្វើជាកូនសិស្ស
ដូច្នេះហើយទើបព្រះអង្គត្រាស់ដឹងនៅទីកន្លែងដូចគ្នាផងដែរ…ទ្រង់បានបង្កើត “គម្ពីរបិដក” សម្ដៅលើធម៌ លះបង់កិលេស ទៅនិពាន្តខ្លួនឯង
លទ្ធិសាសនារបស់ព្រះអង្គបែរព្រះភ័ក្រ្តទៅទិសខាងកើត បើគិតមកដល់សព្វថ្ងៃសាសនារបស់ព្រះអង្គមានអាយុកាល ២៥៦១ ព្រះវស្សាហើយ។
ព្រះពុទ្ធទី៥៖ ព្រះនាម ព្រះសិរិអាមេត្រី (ព្រះបាទធរណិន្រ្ទ) ត្រាស់នៅក្នុងសម័យកាលនាគមនុស្ស (ពូជអម្បូរនាគមនុស្សមានជីវិតរស់រានច្រើនក៏ជាសម័យកសាងប្រាសាទបាយ័ន្ត) ទ្រង់បានបង្កើត “គម្ពីរតម្រាពិជ័យ”
សម្ដៅលើធម៌ តម្រាសាស្រ្តទស្សទាយជោគវាសនានគរនឹងអនាគតកាលនៃផែនដីទាំងមូល លទ្ធិសាសនារបស់ព្រះអង្គបែរព្រះភ័ក្រ្តទៅទិសខាងត្បូង បើគិតមកដល់សព្វថ្ងៃសាសនារបស់ព្រះអង្គមានអាយុកាល ៨១៩ ព្រះវស្សាហើយ។
មនុស្សមួយចំនួនធំប្រាកដជាមានការងឿងឆ្ងល់ជាខ្លាំងនឹងរឹតតែមិនអាចទទួលយកបានផងដែរ ពីព្រោះផ្ទុយអំពីធម្មចក្របច្ចុប្បន្នសព្វថ្ងៃដែលបានចែងតាមឯកសាររបស់ពួកបរទេសកន្លងមកបានលួចកាឡៃបំភ័ន្តយ៉ាងស្ដែងៗ
ដូច្នេះវត្តមានព្រះទាំងប្រាំអង្គនេះហើយគឺជាអរិយ្យបុគ្គលដ៏ឆ្នើមពិតៗដែលបានត្រាស់ដឹកនាំឱយមនុស្សសត្វទាំងអស់រស់នៅក្នុងលោកឱយដើរលើផ្លូវមួយដែលល្អត្រឹមត្រូវ ប្រកាន់យកសច្ចធម៌
ទៅតាមនិកាយផ្សេងៗពីគ្នាចែងចាត់ទុកក្នុងសៀវភៅមហាវីរះបុរសក្មែរ ……………………………..។ Cr.វត្ថុស័ក្ដិសិទ្ធិដូនតាខ្មែរយើង ៙ថ្ងៃសៅរ៍,ទី១១,ខែមករា,ឆ្នាំ២០២០ ៙ដកស្រង់ចេញពី៖ ស្មារតី អតីតកាល ស្រៈ៚”។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ព្រះពុទ្ធបដិមាកទាំងពីរអង្គ ត្រូវបានសម្រេចឲ្យដកចេញ និងឲ្យមានការកែប្រែឲ្យមកជារចនាបទព្រះពុទ្ធវិញថែមទៀតផង៕