ដុតទៀតហើយ! កម្លាំងកងរាជអាវុធហត្ថខេត្ត បង្រ្កាបបទល្មើសឈើ ដុតបំផ្លាញរថយន្ដបាកុង ត្រាក់ទ័រ និងម៉ាស៊ីនរ៉ៃ ជាង៤០គ្រឿង

ព៍តមានទូរទៅ

ខេត្តពោធិ៍សាត់៖ គិតចាប់ពីល្ងាចថ្ងៃទី១៨ រហូតដល់ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ រថយន្តបាកុងកែច្នៃ ៣១គ្រឿង ត្រាក់ទ័របាកុង ០១គ្រឿង ម៉ាស៊ីនរ៉ៃមានកង់យោង០៩គ្រឿង គោយន្ដកន្រ្តៃ និងរថយន្ដហ៊ីយ៉ាន់ដាយ ដែលជាមធ្យោបាយពាក់ព័ន្ធបទល្មើសព្រៃឈើ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត បានរិបអូស និងដកហូត រួចដុតបំផ្លាញចោល ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ បានឲ្យដឹងថា នៅស្រុកក្រគរ កម្លាំងកងរាជអាវុធហត្ថខេត្ត រិបអូស និងដកហូតគោយន្ដកន្រ្ទៃ ១គ្រឿង រថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿង ប្រគល់ទទួលជូនមន្រ្តីរដ្ឋបាលព្រៃឈើ ឯរថយន្ដបាកុងចំនួន៣គ្រឿង ដុតកម្ទេចចោល។

នៅស្រុកភ្នំក្រវាញ កម្លាំងកងរាជអាវុធហត្ថខេត្ត រិបអូស និងដកហូតរថយន្ដបាកុងចំនួន ១០គ្រឿង ដុតកម្ទេចចោលចំនួន ០៧គ្រឿង កាត់ជាកំណាត់ៗដោយភ្លើងខ្យល់អ៊ីត្រូសែនចំនួន ០២គ្រឿង នៅសល់០១គ្រឿងទុកប្រើប្រាស់ក្នុងការងារសិន ។ ចំណែកនៅស្រុកបាកាន កម្លាំងកងរាជអាវុធហត្ថខេត្ត រិបអូស និងដកហូតរថយន្ដបាកុងចំនួន ០១គ្រឿងដែរ មិនទាន់បានធ្វើអ្វីនៅឡើយ ។

ប្រភពដដែលបន្តទៀតថា ចំណែកនៅស្រុកវាលវែង កម្លាំងកងរាជអាវុធហត្ថខេត្ត រិបអូស និងដកហូត រថយន្ដបាកុងចំនួន ១៧គ្រឿង ដុតកម្ទេចចោល ត្រាក់ទ័រ១គ្រឿងចំនួន ០១គ្រឿងទុកប្រើប្រាសក្នុងការងារសិន រួមទាំងម៉ាស៊ីនរ៉ៃមានកង់យោងចំនួន ០៩គ្រឿង និងផ្លែរណាខ្សែចំនួន១៥ខ្សែ ដុតកម្ទេចចោល។

ដូច្នេះ គិតចាប់ពីល្ងាចថ្ងៃទី១៨ រហូតដល់ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្រ្កាប និងដុតបំផ្លាញចោល រថយន្ដបាកុងកែច្នៃ សរុបចំនួន ៣១គ្រឿង ត្រាក់ទ័របាកុងចំនួន ០១គ្រឿង គោយន្ដកន្រ្តៃចំនួន ០១គ្រឿង និងរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ៕

Leave a Reply

Your email address will not be published. Required fields are marked *