កុំចេះតែហ៊ាន! ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចរុះរើអាគារកំពស់៩ជាន់នៅខេត្តព្រះសីហនុចោលជាបន្ទាប់ក្រោយពីបានប្រទះឃើញ

ព៍តមានជាតិ

ក្រោយពីពិនិត្យនិងតាមដោយយកចិត្ដទុកដាក់យ៉ាងល្អិតល្អន់រួចមក ទើបថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យមានការរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាពនោះ ព្រោះបើបន្ដឲ្យដំណើរស្នាក់រកសុីតទៅទៀតនៅក្នុងអគានេះអាចនិងមានគ្រោះថ្នាក់ទៀតជាក់ជាមិនខាន ដែលសំណង់អគារមួយនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង ខេមបូឌា ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់មួយកន្លែង។ បន្ទាប់ពីពិនិត្យរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋានផងដែរ ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា អគារនេះសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។ ក្នុងសេចក្តីប្រកាសឱ្យដឹងទៀតថា កាលពីថ្ងៃទី០៨ ខែសីហា អគារនេះមានការស្រុតពី ៤០មិល្លីម៉ែត្រ ទៅ ៨០មិល្លីម៉ែត្រ ហើយនៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាងកើតនៃអគារមានការស្រុតរហូតដល់ ៩មីល្លីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ មានការស្រុតរហូតដល់ ២៨មីល្លីម៉ែត្រថែមទៀត និងបន្តស្រុតតទៅទៀត។ បន្ថែមពីលើនោះជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះថែមទៀតផងដែរ។

ក្នុងសេចក្តីប្រកាសនេះ បន្តថា បន្ទាប់ពីពិនិត្យឃើញថាមានហានិភ័យ និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុបានស្នើទៅរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ ហាមការប្រើប្រាស់សំណង់ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឱ្យមនុស្សចាកចេញពីអគារទាំងអស់។

ក្រុមការងារក៏តម្រូវឱ្យរុះរើសំណង់នេះចេញព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់ឡើយ ។ប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់មានការចាត់ចែងរួចរាល់ ។

គួរំលឹកថាកាលពីខែកក្កដាកន្លងទៅមានការរលំបាក់អគាកំស់៧ជាន់រួចម្ដងហើយ បង្កឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ និងរហូតដល់មានការផ្លាស់ប្ដូរថ្នាក់ដឹកនាំខេត្ត ទៀតផង រហូតមកដល់ពេលនេះក្រុមជំនាញបានរកឃើញអគាកំពស់៩ជាន់មួយកន្លែងទៀតហើយដែលមានភាពមិនប្រក្រតី អាចនឹងរលំបាក់ស្រុតទៀតព្រោះក្រុមជំនាញបានពិនិត្យឃើញមានកន្លែងស្រុតនិងប្រេះជាច្រើនកន្លែងទៀតផង ហេតុនេះហើយទើបសូមឲ្យមានការរុះរើ ចេញ ៕

Leave a Reply

Your email address will not be published. Required fields are marked *