គន្លឹះរក្សាសុខភាពនិងសុភមង្គលរបស់មនុស្សជោគជ័យខ្លាំង

ចែករំលែក

គ្មានអ្វីជាអាថ៌កំបាំងទេដែលមនុស្សដូចលោក Warren Buffett និងលោកស្ រីOprah Winfrey ជាបុគ្គលិកជោគជ័យខ្លាំងក្នុងពិភពពាណិជ្ជកម្មនិងរឿងជីវិត ហើយមានទាំងកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិ។ ទោះជាយ៉ាងណា មានមនុស្សខ្លះឆ្ងល់ថាតើមានកត្តាអ្វីខ្លះដែលធ្វើឱ្យបុគ្គលទាំងនេះជោគជ័យបែបនេះ? ច្បាស់ណាស់ថាភាគច្រើននៃបុគ្គលជោគជ័យមានជំនួយការ លេខា អ្នកថែទាំផ្ទះ និងអ្នកបើករថយន្តឱ្យ ប៉ុន្តែបន្ថែមពីលើនេះ គេនៅមានទម្លាប់ប្រចាំថ្ងៃទៀតដែលគេអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន៖

១/ លោកWarren Buffett អានសៀវភៅនិងចំណាយពេលនៅម្នាក់ឯង

មនុស្សភាគច្រើនស្គាល់លោក Warren Buffettថាជាកំពូលអ្នកជោគជ័យបំផុតម្នាក់ដែលនៅមានជីវិត។ កាលពីឆ្នាំ២០១៧ ទស្សនាវដ្តី Forbes បានដាក់ចំណាត់ថ្នាក់លោក Buffett ជាកំពូលអ្នកមានលំដាប់លេខបីនៅក្នុងសហរដ្ឋអាមេរិក។ តើមានរូបមន្តអ្វីដែលធ្វើឱ្យកំពូលអ្នកមានម្នាក់នេះរស់នៅយ៉ាងរីករាយនិងមានសុខភាពល្អ?

លោកBuffettចូលចិត្តចំណាយពេលវេលាយ៉ាងហោចណាស់៦ម៉ោងក្នុងមួយថ្ងៃដើម្បីអានសៀវភៅ កាសែត និងរបាយការណ៍ប្រចាំឆ្នាំ។​ លោកក៏ចូលចិត្តចំណាយពេលនៅតែម្នាក់ឯង ឬជួបជជែកគ្នាតែជាមួយមនុស្សជិតស្និទ្ធប៉ុណ្ណោះ។ លោកBuffett តែងតែរស់តាមរបៀបផ្ទាល់ខ្លួនយ៉ាងសាមញ្ញក្នុងផ្ទះមិនទំនើប ជិះរថយន្តមិនហឺហា ហើយមិនខ្វល់នឹងការគិតរបស់អ្នកដទៃ។

២/ លោក Elon Musk អានសៀវភៅ និងលេងល្បែងវីដេអូ

លោក Elon Musk ជាវិស្វករដែលមានទេពកោសល្យខ្ពស់ និងជាវិនិយោគិនជោគជ័យ។ ក្នុងនាមជា CEO ក្រុមហ៊ុន SpaceX និងជាវិស្វករដែលមានទស្សនវិស័យខ្ពស់នៅពីក្រោយក្រុមហ៊ុន Tesla Motor លោក Musk តែងតែមានទម្លាប់អានសៀវភៅជានិច្ច បើកាលនៅពីក្មេង មានពេលខ្លះលោកអានសៀវភៅពីរក្បាលក្នុងពេលតែមួយចុងសប្តាហ៍ក៏មានដែរ។

លោក Musk សារភាពថាពេលខ្លះលោកក៏ជាមនុស្សដែលញៀននឹងការងារដែរ គឺក្នុងមួយសប្តាហ៍លោកធ្វើការរហូតដល់១០០ម៉ោងក៏មាន។ ទោះជារវល់ខ្លាំងបែបនេះ ក៏លោកនៅមានពេលខ្លះដើម្បីកម្សាន្តផ្ទាល់ខ្លួនដែរដូចជាលេងល្បែងវីដេអូផ្សេងៗ។

៣/ លោកTony Robbins មានទម្លាប់ហាត់ប្រាណនិងហាត់ចិត្ត

លោក Tony Robbins ជាអ្នកជំនាញខាងយុទ្ធសាស្រ្តជីវិតនិងពាណិជ្ជកម្មនិងជាអ្នកនិពន្ធសៀវភៅល្បីឈ្មោះ។ នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំ២០១៧ លោក Robbins បានសង្កត់ធ្ងន់លើទង្វើជាងការនិយាយច្រើន។ លោក Robbins ឧស្សាហ៍ចែករំលែកគន្លឹះរក្សាសុខភាពនៅតាមវីដេអូ YouTube និងជាមនុស្សដែលមានជំនឿថាលំហាត់ប្រាណអាចជួយឱ្យមនុស្សសម្រេចបានជោគជ័យកាន់តែច្រើន។

លើសពីនេះទៀត លោក Ribbins ក៏ជឿជាក់ដែរថាមនុស្សម្នាក់ៗគួរតែតាមដានឱ្យដឹងថាមានអ្វីខ្លះដែលកំពុងតែកើតឡើងនៅក្នុងចិត្តរបស់គេ ឱ្យដូចជាការដាក់ស្ករចូលក្នុងកាហ្វេដែលគេផឹកដែរ។ លោកណែនាំឱ្យផ្តល់ចំណីចិត្តតាមរយៈការអានសៀវភៅល្អៗជាប្រចាំ។

៤/ លោក Mark Cuban ស្តាប់រាងកាយខ្លួនឯងឱ្យបានច្រើន

លោក Mark Cuban ជាពាណិជ្ជកម្ម វិនិយោគិន ផលិតករ អ្នកនិពន្ធ និងតារាប្រចាំទូរទស្សន៍។ លោកជាមនុស្សដែលឆាប់ក្រោកពីដំណេកដើម្បីហាត់ប្រាណយ៉ាងទៀងទាត់។ នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Cuban បានចែករំលែកជំនឿរបស់លោកក្នុងការស្តាប់រាងកាយខ្លួនឯងដើម្បីសម្រេចបានសក្តានុពលធំថា “ខ្ញុំធ្វើតាមរបៀបដែលរាងកាយរបស់ខ្ញុំចង់បាន។ ខ្ញុំត្រូវរៀបចំពេលវេលាផ្ទាល់ខ្លួន ដូច្នេះនៅពេលខ្ញុំអស់កម្លាំង ខ្ញុំសម្រាក។ រាងកាយរបស់មនុស្សម្នាក់ៗមានលក្ខណៈខុសគ្នា ដូច្នេះខ្ញុំត្រូវចេះស្តាប់ខ្លួនឯងឱ្យបានច្រើន។”

៥/ លោក Bill Gates ធ្វើកិច្ចការមនុស្សធម៌ និងចំណាយពេលនៅជាមួយគ្រួសារ

សហស្ថាបនិកក្រុមហ៊ុន Microsoft បើទោះជាឈប់ធ្វើជាប្រធានក្រុមហ៊ុន ក៏នៅតែបន្តតួនាទីជាអ្នកផ្តល់ប្រឹក្សាសផ្នែកបច្ចេកវិទ្យា ហើយផ្តោតពេលវេលាភាគច្រើនលើគ្រួសារនិងកិច្ចការមនុស្សធម៌។ ក្រៅពីការនាំកូនដើរលេងតាមកន្លែងផ្សេងៗដូចជាកន្លែងចាក់សំរាម និងកន្លែងរោងចក្រអគ្គិសនីជាដើម លោក Gates ក៏មានពេលវេលាផ្ទាល់ខ្លួនខ្លះដែរដើម្បីសម្រាក។ បន្ថែមពីលើដំណើរកម្សាន្តទៅតាមកន្លែងឆ្ងាយៗ លោកGates តែងតែមានទម្លាប់អានសៀវភៅយ៉ាងហោចណាស់មួយម៉ោងរៀងរាល់យប់មុនពេលចូលគេង។

៦/ លោកMark Zuckerberg អានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍

កំពូលអ្នកមានម្នាក់ទៀតដែលចូលចិត្តអានសៀវភៅគឺលោក Mark Zuckerberg សហស្ថាបនិក និងជា CEO ក្រុមហ៊ុន Facebook។ យោងតាមអត្ថបទចុះផ្សាយក្នុងសារពត៌មាន លោក Mark ព្យាយាមអានសៀវភៅថ្មីរៀងរាល់សប្តាហ៍ដោយផ្តោតលើការចង់ដឹងវប្បធម៌និងប្រព័ន្ធជំនឿផ្សេងៗ។ លោកពន្យល់ថា “ខ្ញុំចំណាយពេលច្រើនដើម្បីអានសៀវភៅ និងគិតដោយខ្លួនឯង។” ទោះជាយ៉ាងណា មហាសេដ្ឋីវ័យក្មេងម្នាក់នេះប្រហែលពិបាកញែកពេលអានសៀវភៅបន្តិចដោយសារលោកតែងតែធ្វើការពី៥០ទៅ៦០ម៉ោងក្នុងមួយសប្តាហ៍។

៧/ លោកស្រីOprah Winfrey ធ្វើសមាធិរាល់ថ្ងៃ

មហាសេដ្ឋិនី Oprah Winfrey ល្បីឈ្មោះខ្លាំងដោយសារកម្មវិធីទូរទស្សន៍ដែលលោកស្រីផលិតនិងផ្សព្វផ្សាយតាំងពីឆ្នាំ១៩៨៦ដល់ឆ្នាំ២០១១។ ទោះជាយ៉ាងណា លោកស្រីក៏ជាតារាសម្តែង អ្នកបោះពុម្ពផ្សាយសៀវភៅ និងជាអ្នកធ្វើកិច្ចការមនុស្សធម៌ដែរ។ តើលោកស្រី Winfrey រក្សាសុខភាពនិងសុភមង្គលដោយរបៀបណា? លោកស្រីWinfrey បានសារភាពថាលោកស្រីជាអ្នកធ្វើសមាធិយ៉ាងខ្ជាប់ខ្ជួនម្នាក់។ បន្ថែមពីលើនេះ លោកស្រី Winfrey ក៏ជួលគ្រូបង្ហាត់សមាធិដើម្បីណែនាំបុគ្គលិកក្នុងក្រុមហ៊ុនរបស់លោកស្រីដែលចង់ធ្វើសមាធិដែរ។

Leave a Reply

Your email address will not be published. Required fields are marked *