រំភើបណាស់!! បេក្ខជនពិការពីរនាក់នៅពេលនេះត្រូវបាន លោកអភិបាលខេត្តផ្ដល់ជូនអាហារូបករណ៍ រួមជាមួយនិង

ព៍តមានជាតិ ព៍តមានទូរទៅ

កំពង់ធំ៖ បន្ទាប់ពីទទួលបានដំណឹងថា មានសិស្សពិការភាពចំនួន ២នាក់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានទទួលជួប សំណេះសំណាល ជាមួយបេក្ខជនទាំងពីរនាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការប្រឡងថ្ងៃទីពីរមុខវិជ្ជា ចុងក្រោយរួចរាល់ នៅវេលាម៉ោង៥ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

សូមជម្រាបផងដែរថា បេក្ខជន ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្សរៀនវិទ្យាល័យស្ទឹងសែន ពិការភាពទាំងដៃទាំងពីរ និងជើងទាំងពីរ តាំងពីកំណើរមកម៉្លេះ ហើយគ្រួសារមានជីវភាពក្រីក្រ ឳពុកម្ដាយធ្វើស្រែ។ សុខ ដុង ទោះបីពិការភាពពីកំណើត ហើយស្ថានភាពគ្រួសារក្រីក្រដូចនេះក៏ដោយ តែចំពោះការសិក្សានៅក្នុងថ្នាក់រៀនវិញ តែងបានចំណាត់ថ្នាក់ចន្លោះពីលេខពីរ ដល់លេខប្រាំជារៀងរាល់ខែ។

បេក្ខនារី អ៊ុល កុសល មានទីលំនៅក្នុងភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាណ៍ ខេត្តកំពង់ធំ ជាសិស្សរៀននៅវិទ្យាល័យបារាយណ៍ ពិការភាពទាំងដៃទាំងពីរ និងជើងម្ខាង តាំងពីកំណើរមកដែរ ហើយការរស់នៅប្រចាំថ្ងៃរបស់គាត់ពិបាកយ៉ាងខ្លាំង ដោយឳពុកម្តាយជាកម្មករចៀជ័រកៅស៊ូ នៅក្នុងស្រុកសន្ទុក ត្រូវទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ធ្វើឲ្យរូបគាត់រស់នៅជាមួយបងប្អូន និងលោកយាយ។ ចំពោះការសិក្សានៅក្នុងថ្នាក់រៀនគឺមានទទួលបានចំណាត់ថ្នាក់លេខពីរឬលេខបីជារៀងរាល់ខែ។

នៅក្នុងឱកាសលោក សុខ លូ បានឧបត្ថម្ភនូវថវិកាក្នុងម្នាក់ៗចំនួន ២.០០០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ លោកក៏នឹងផ្តល់នូវកុំព្យូទ័រយួរដៃម្នាក់១គ្រឿង នៅពេលបិទផ្សាយលទ្ធផល បើទោះបីជាលទ្ធផលប្រឡងយ៉ាងណាក៏ដោយ ប្រសិនបើបេក្ខជនទាំងពីរនាក់ទទួលបាននិទ្ទេសA លោកនឹងផ្ដល់ជូនម៉ូតូ១គ្រឿងដូចបេក្ខជននិទ្ទេសA ដ៏ទៃទៀតដែរ។ លើសពីនេះ លោក នឹងផ្តល់អាហារូបករណ៍ ១០០% និងជួយទំនុកបម្រុងទាំងស្រុងក្នុងរយៈពេលសិក្សាសម្រាប់អ្នកទាំងពីរដែលរៀនបន្តនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែបើទៅរៀននៅភ្នំពេញ លោក នឹងស្វែងរកសប្បុរសជនជួយឧបត្ថម្ភបន្តទៀត។ កាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តសប្បុរសរបស់លោក នាពេលនេះ ពិតជាអភិបាលខេត្តដែលតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន៕

Leave a Reply

Your email address will not be published. Required fields are marked *