ផ្អើលទាំងកណ្តាលយប់! សមត្ថកិច្ចចុះបង្ក្រាបទីតាំងបារបារាំងទាំងយប់ ក្រោយរកឃើញមានបង្កប់សេវាផ្លូវភេទ និងមានបុគ្គលិកជាអនិតិជន

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលរាត្រី ខណៈដែលកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានធ្វើការចុះបង្ក្រាបទីតាំងបារបារាំង ដែលត្រូវបានគេរាយការណ៍ថាបានលួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងមានបុគ្គលិកជាអនិតិជនមិនទាន់គ្រប់អាយុបម្រើការងារ ដែលការចុះប្រតិបត្តិការនេះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) បញ្ជូនឡើងរថយន្តនាំទៅសាកសួរទាំងយប់ កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបារមួយកន្លែងយីហោ បាន់នី បារ (Bunny Bar) ផ្ទះលេខ៩Eo ផ្លូវលេខ១០៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបគឺមានការរាយការណ៍ពីសំណាក់ប្រភពព័ត៌មានផ្សេងៗបានឱ្យដឹងថា ហាងខាងលើនេះមានលួចបើកសេវាកម្មបម្រើផ្លូវភេទ និងមានបុគ្គលិកជាអនិតិជន (អាយុក្រោម១៥ឆ្នាំ) បម្រើការងារ ទើបសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វើការស៊ើបអង្កេត និងនៅថ្ងៃកើតហេតុ បានសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល វត្តភ្នំ បើកការបង្ក្រាបតែម្តង ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឆែកឆេរទីតាំងលួចលាក់ បង្កប់សេវាផ្លូវភេទ នេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្សសរុប ៩នាក់ ក្នុងនោះមាននារីចំនួន ៨នាក់ និងបុរសបរទេសម្នាក់ ជាម្ចាស់ហាង មានឈ្មោះ ចន (John) អាយុ៦១ឆ្នាំ រួចនាំឡើងរថយន្តបញ្ជូនទៅនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីធ្វើការសាកសួរបន្តទៀត។ បច្ចុប្បន្នជនប្រុសស្រីទាំង៩នាក់ រួមទាំងម្ចាស់ទីតាំងខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីរង់ចាំធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *