ប៉ូលិសចរាចរ២នាក់ត្រូវបានដកមកបញ្ឈរនៅការិយាល័យមួយរយៈ ដោយសារតែស្ទាក់ចាប់ម៉ូតូ បណ្តាលឲ្យនារីម្នាក់ដួល

ព៍តមានទូរទៅ

ភ្នំពេញ ៖ ក្រោយពីFacebook មួយចំនួនដែលបាននាំគ្នាចុះផ្សាយថា មន្រ្តីនគរបាលចរាចរ២នាក់បានប្រើហិង្សាវាយលើស្ត្រីម្នាក់ឲ្យធ្លាក់ពីលើម៉ូតូនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសធ្វើការបដិសេធ និងសូមធ្វើការបកស្រាយបំភ្លឺមានខ្លឹមសារដូចខាងក្រោម ៖

កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ករណីនារីម្នាក់បានបើកបរម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដោយមិនគោរពភ្លើងស្តុបពណ៌ក្រហម នៅពេលនោះមន្ត្រីចរាចរចំនួន២រូប ដែលប្រចាំការនៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ត្រង់ចំណុចធនាគារ Booyong បានចេញមកឃាត់ឲ្យឈប់ ប៉ុន្តែដោយគាត់បើកលឿនពេក ក៏ប៉ះកញ្ចក់ម៉ូតូជាមួយនិងដៃមន្រ្តីប៉ូលិសម្នាក់ បណ្តាលឲ្យដួល ប៉ុន្តែមិនមានរងរបួសធ្ងន់ធ្ងរអ្វីទេ ហើយសមត្ថកិច្ចទាំង២នាក់ ក៏បានជួយលើកនារីរងគ្រោះភ្លាមៗ ចំណែកនារីជនរងគ្រោះបានសុំទោសសមត្ថកិច្ច រួចសុំធ្វើដំណើរបន្តទៅមុខទៀត ដោយគាត់មានការប្រញាប់ ។ ទោះបីជាយ៉ាងនេះក្តី លោកស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាទៅថ្នាក់ដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យហៅមន្ត្រីទាំង២រូបនោះមកធ្វើការសាកសួរ និងចាត់វិធានការរូបភាពដាក់វិន័យរបស់កងកម្លាំង ដោយឲ្យមកបំរើការងារនៅក្នុងការិយាល័យមួយរយៈសិនដែរ។ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ព្រោះនៅពេលដែលមន្ត្រីចរាចរចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តែងតែមានអ្នកបើកបរជាច្រើនមិនគោរពច្បាប់ ភ្លើងសញ្ញាចរាចរណ៍ ជាពិសេសមិនគោរពសមត្ថកិច្ច ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *