មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈនៅមុននេះបន្តិចមានករណីនាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់
បានបើកឡានទំនើបចេញមកពី ផឹ ក ស៊ីវិញ ស្រ វឹ ង ទោរទន់ដើរសឹងមិនរួច ហើយក៏បានបេីករថយន្តឡង់គ្រីស័ររបស់ខ្លួនដែលមាន ពាក់ស្លាកលេខ កម្ពុជា 3456 .MSK
រេចង្កូតជ្រុលទៅបុកនិងរបងរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឲ្យរងការខូចខាត ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ត្រូវចំនុចផ្លូវ១៨៣ កែងផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានជាបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះខាងលើមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានការខូចខាតរថយន្តតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងករណីនេះ ទំព័រហ្វេសបុករបស់ស្នងការបានបង្ហោះសារថា «សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនសាធារណៈជនឲ្យបានជ្រាបករណីគ្រោះថ្នាក់ចរាចរណ៍
កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង
និងនាំខ្លួនអ្នកបើកបររថយន្តម៉ាកLAND CRUISER ពាក់ផ្លាកលេខ ៣៤៥៦MSKពណ៌ស បើកបរក្នុងស្ថានភាព ស្រ វឹ ក ទៅ បុ ក នឹងរបងសាលាថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។
ចំពោះករណីនេះគឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វេីការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងរូបភាពវិកយបត្រផាកពីន័យ យើងបានឃើញតម្លៃនៃការផាកពិន័យគឺមានតម្លៃ ៤០០០០០រៀល តែប៉ុណ្ណោះ ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលចំពោះការផាកក្នុងចំនួនដ៏តិចនេះជាខ្លាំង។