មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលដែលសម្តេចតេជោបានលើកឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងក្រុមសិស្សដែលទទួលបាននិទ្ទេស A នៅក្នុងឆ្នាំនេះថា
រូបគាត់មិនអាចឱបដសឈរមើលសំណុំរឿងរបស់ឧកញ៉ា ហេង សៀ និងកញ្ញា ពេជ្រ រីតា បាននោះទេ ដោយសារតែវាជារឿងដ៏អយុត្តិធម៌ពេក ខណៈក្មេងស្រីម្នាក់ត្រូវគេបំពានហើយ ថែមទាំងត្រូវក្រុមឧកញ៉ា ប្តឹងដាក់គុកទៀត។
នៅក្នុងប្រសាសន៍នៅពេលនោះ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា នៅពេលដែលសម្តេចបានដឹងអំពីរឿងនេះ គាត់បានប្រាប់ឱ្យមេធាវីរបស់លោកទៅពិនិត្យមើលអំពីករណីនេះ
ប៉ុន្តែអ្វីដែលធ្វើឱ្យសម្តេចតេជោហួសចិត្តនោះគឺ កូនប្រសាររបស់ឧកញ៉ា ហេង សៀ បែរជាហ៊ានចូលមកសូកលុយទិញទឹកចិត្តរបស់មេធាវីសម្តេចតេជោទៀត
រហូតធ្វើឱ្យសម្តេចត្រូវសម្រេចចិត្តថា ត្រូវតែធានាឱ្យកញ្ញា ពេជ្រ រីតា ឱ្យនៅក្រៅឃុំជាបន្ទាន់ ព្រោះតែរឿងនេះគឺជារឿងដែលបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាក៏ដោយសម្តេចតេជោក៏បានបញ្ជាក់ផងដែរថា សំណុំរឿងនេះត្រូវបានបញ្ចប់ក្រោយពេលដែលឧកញ៉ា ហេង សៀ សារភាពព្រមទទួលស្គាល់កំហុស និងបានសុំអនុញ្ញាតដើម្បីដោះស្រាយរឿងនេះនៅខាងក្រៅដើម្បីបញ្ចប់រឿង។