យុវតីម្នាក់បាន រងរបួសស្រាល ភ័យអង្គុយយំ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើប រងការខូចខាត ហើយម្ចាស់រថយន្តបោះសោរអោយ រួចទារសំណងរហូតដល់៥ម៉ឺនដុល្លារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីយុវតីបានឲ្យដឹងថា មុនកើតហេតុរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Beat ពណ៌សលាយខៀវពាក់ផ្លាកលេខភ្នំពេញ1HL-9890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុ
បានជ្រុលបុករថយន្តម៉ាកTOYOTA HiLux revo ពណ៌ស គ្មានផ្លាកលេខ បើកបរដោយស្ត្រីម្នាក់ តាមផ្លូវបេតុងទិសដៅពីជើងមកត្បូង បណ្ដាលឲ្យបែកកញ្ចក់មើលក្រោយ និងខូចខាតទ្វារមុខខាងស្ដាំបន្តិច
ហើយម៉ូតូខូចខាតខាងមុខយ៉ាងដំណំ ចំណែកយុវតីរបួសស្រាល ក្រោយមកដោយភាគីខាងរថយន្ត បានទារសំណងពីយុវតីចំនួន៥ម៉ឺនដុល្លារ ដោយលើកហេតុផលថា រថយន្តគាត់ទើបទិញមកថ្មី មិនទាន់បានចាប់ផ្លាកលេខផង។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ទុកពេលឲ្យតំណាងភាគីខាងម៉ូតូចរចា ជាមួយភាគីរថយន្ត បានចុះមកនៅ៤ពាន់ដុល្លារ តែភាគីខាងម៉ូតូ មានលទ្ធភាពសំណងត្រឹមតែ១០០ដុល្លារ ម្ចាស់រថយន្តព្រមយក១០០ដុល្លារ រួចក៏ហែកលុយចោលនៅកន្លែងកើតហេតុ ដើម្បីឲ្យអស់ចង្រៃ៕