កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈមានបេក្ខជនម្នាក់បានឡើងប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol Season 4 ដោយបានលើកយកចម្រៀងមួយបទមកច្រៀង ដែលមានចំណងជើងថា ខ្ចីលុយម៉ែក្មេក ហើយបទចម្រៀងនេះដែរបានធ្វើឱ្យគណៈកម្មការមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។
យ៉ាងណាក៏ដោយក្រោយមានការចាក់ផ្សាយនូវកម្មវិធីនេះ ស្រាប់តែកូនស្រីកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានចេញប្រកាសឲ្យមហាជនបានដឹង និងស្នើរឱ្យដកសាច់ភ្លេង និងទំនុកច្រៀងចេញ បើមិនដូច្នោះទេនឹងប្រឈមមុខនឹងច្បា.ប់កម្មសិទ្ធបញ្ញា។ ខាងក្រោមនេះជាបកស្រាយលើកឡើងនៅលើបណ្ដាញសង្គម៖
«យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀតបញ្ឈប់ការយកស្នាដៃមរតកដើមយកមកច្រៀងបំពានបំផ្លាញសិទ្ធស្នាដៃកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោករឿងពិតរបស់ម្ដាយខ្ញុំ យកមកក្រឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក )យកមកប្រលង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ធ្វើអោយក្មេងជំនាន់ក្រោយយល់ច្រឡំ បទចម្រៀង មិនគិតពីម្ចាស់ដើម សូមឆាប់ដកសាច់ភ្លេង ទំនុកច្រៀងចេញ មិនអនុញ្ញាតិទេ បើពុំនោះទេ ត្រូវប្រឈមនឹងច្បា.ប់កម្មសិទ្ធបញ្ញា
សូមបញ្ជាក់ថាពួកខ្ញុំគាំទ្រស្នាដៃកូនខ្មែរបង្កើតថ្មី តែមិនក្រឡៃបទ ម្ចាស់ដើម កន្លងមក ដូច រឿងនាយចឺម យក បទ នឹកភូមិភ្នំធំ មកក្រឡៃ ធ្វើអោយក្រុមគ្រួសារខ្ញុំចេញមុខ តវ៉ា កាលនោះមានមនុស្សជាច្រើនគិតថា ម្តាយខ្ញុំបានប្ដឹងបាន លុយ បានអី ហើយដើរ រករឿងគេ គ្រាន់តែយកបទចម្រៀងមក ច្រៀងថ្មី សោះ
តាម ការពិតក្រុមគ្រួសារខ្ញុំមិនដែលប្ដឹ.ងអ្នកណា ឬបានសំណងពី នរណាម្នាក់ទេ តើខុសទេដែលម្ចាស់ដើមទាមទារថែរក្សាកម្មសិទ្ធិ បទចម្រៀងរបស់ខ្លួន? សូមមានសុខភាពល្អ ដល់ បងប្អូនគ្រប់ៗគ្នាដែលគាំទ្រចម្រៀងមរតកដើម អរគុណ ដោយក្តីគោរពពីនាងខ្ញុំ ប៊ុនឈឿន សូរីវិល័យន ជាកូនស្រី (អ្នកកាន់ផេករបស់លោកប៉ា គង្គ ប៏ុនឈឿន)»។