ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយនូវអតីតតារាចម្រៀងសំឡេងស្រទន់ និងសម្រស់បានកញ្ញា វណ្ណ នីឡា ដែលប៉ុន្មានឆ្នាំចុងក្រោយមកនេះគេហាក់មិនទទួលដំណឹងណាមួយថា
នាងនឹងវិលត្រឡប់ចូលសិល្បៈវិញយ៉ាងណានោះទេ ខណៈអ្នកគាំទ្រនាងតែងតែចង់ឃើញការវិលត្រឡប់វិញរបស់នាងជាមួយនឹងបទចម្រៀងថ្មីផងដែរ។
ថ្វីបើនាងមិនមិនទាន់វិលត្រឡប់ប្រឡូកក្នុងពិភពសិល្បៈវិញយ៉ាងណាក្តីតែ វណ្ណ នីឡា ក៏តែងតែឧស្សាហ៍បង្ហោះរូបភាពមួយចំនួននៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន
ដើម្បីជាការនឹករលឹកដល់អ្នកគាំទ្រផងដែរ ហើយជួនកាលគេក៏បានឃើញនាងច្រៀងបង្ហោះនៅលើបណ្តាញ Tik Tok ដែលជាការរំសាយអារម្មណ៍ និងសម្រាប់ចែកជូនដល់អ្នកគាំទ្រនាងកន្លងមក។
យ៉ាងណាមិញកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ នេះ វណ្ណ នីឡា ក៏បានបង្ហោះសារហួសចិត្តមួយទៅលើមនុស្សម្នាក់ដែលបានឆាតមកកាន់នាងដើម្បីសុំលុយទុកចាយប្រចាំខែ
ហើយថែមទាំងបាននិយាយឡើងថា វណ្ណ នីឡា គឺជាម្តាយរបស់ខ្លួនកាលពីជាតិមុនថែមទៀតផង ជាហេតុធ្វើឲ្យអតីតតារាចម្រៀងរូបនេះបង្ហាញការហួសចិត្តជាខ្លាំងផងដែរ៕