មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានខ្ចីម៉ូតូរបស់គេ ហើយបានយកទៅបញ្ចាំ និងបានយកក្រដាសបញ្ចាំមកឱ្យម្ចាស់ដើមដើម្បីទៅលោះម៉ូតូវិញទៀត
ដែលករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចក្នុងរោងចក្ររទេះភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ សន ចាន់ឡា ហៅ ឃ្លេ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩១ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ចំណែកឯជនរងគ្រោះវិញមានឈ្មោះ អ៊ុយ ហ៊ុយចាន់សុភ័ក្រនាថ ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៩១ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ សិស្ស
ហើយម៉ូតូដែលត្រូវបានគេយកទៅបញ្ចាំនោះមានម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ លឿង លាយ ស ផលិតឆ្នាំ ២០២០ ពាក់ស្លាកលេខភ្នំពេញ១ID-២៣៥៩ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩១ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២៣ និង ១៥ នាទី
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះចតម៉ូតូម៉ាកខាងលើទុកនៅមុខផ្ទះហើយចូលទៅសំរាកក្នុងផ្ទះ ជនសង្ស័យឃើញស្ងាត់ ក៏លួចយកម៉ូតូជិះចេញគេចខ្លួនបាត់តែម្តង ។
លុះដល់ម៉ោងប្រហែល៥និង ៣០ នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ឈ្មោះ សន ចាន់ឡា ហៅ ឃ្លេ បានយកលិខិតបញ្ចាំម៉ូតូមកប្រគល់ឲ្យជនរងគ្រោះឈ្មោះ អ៊ុយ ហ៊ុយចាន់សុភ័ក្រនាថ ដល់ផ្ទះ
ពេលនោះទើបជនរងគ្រោះដឹងថាជនសង្ស័យបានលួចម៉ូតូរបស់ខ្លួន យកទៅដាក់បញ្ចាំយកប្រាក់ ហើយឈ្មោះ សន ចាន់ឡា ហៅ ឃ្លេ បានគេចខ្លួនបាត់តែម្តង ។ ជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់