កាលពីពេលថ្មីៗនេះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានធ្វើការបង្ហោះសារជាថ្មីម្តងទៀតពាក់ព័ន្ធនឹងករណីនគរបាលអន្តរាគមន៍ ដែលតែងតែចេញមកធ្វើការឃាត់ ឬហៅយានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង ដែលករណីនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។
យោងទៅតាមខ្លឹមសារទាំងស្រុងរបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះថា៖ «តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ?
ជារឿយៗ ខ្ញុំតែងតែសង្កេតឃើញប្អូនៗនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ដែលចុះសហការណ៍ជាមួយនគរបាលចរាចរណ៍តាមគោលដៅមួយចំនួនតែងតែចេញមកហៅ ឬឃាត់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯង។
នេះគឺជាការប្រព្រឹត្តខុសពីតួនាទី និងភារកិច្ចរបស់ខ្លួន។ ដោយហេតុថា ប្អូនៗមិនមែនជានគរបាលចរាចរណ៍ទេ ដូចនេះប្អូនៗគ្មានភារកិច្ចអ្វីត្រូវហៅ ឬបញ្ឈប់រាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានឡើយ។
តើនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីមានតួនាទី និងភារកិច្ចអ្វីខ្លះនៅពេលចុះប្រតិបត្តិការតាមគោលដៅជាមួយនគរបាលចរាចរណ៍ម្តងៗ?
តួនាទី និងភារកិច្ចរបស់នគរបាលអន្តរាគមន៍គឺ ដើម្បីជួយអន្តរាគមន៍ និងបង្ក្រាបរាល់បទល្មើសចរាចរណ៍ទាំងឡាយណាដែលមិនព្រមឈប់តាមការបញ្ឈប់របស់នគរបាលចរាចរណ៍ ឬមានបង្កអំពើហិង្សាមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់..។ល។
យ៉ាងណាមុិញនគរបាលអន្តរាគមន៍ត្រូវឈរចំងាយ(៥០ម៉ែត្រ)ពីគោលដៅនគរបាលចរាចរណ៍ដែលកំពុងអនុវត្តន៍ច្បាប់និមួយៗ មិនមែនឈរផ្តុំគ្នាជាមួយនឹងនគរបាលចរាចរណ៍នោះទេ។
កន្លងមកគោលដៅដែលខ្ញុំឧស្សាហ៍ឃើញនគរបាលអន្តរាគមន៍ឈរផ្តុំគ្នាជាមួយនគរបាលចរាចរណ៍ផ្លូវគោក និងចេញមកបង្ក្រាបដោយឯកឯង គឺនៅគោលដៅអាងទឹក គោលដៅភ្លើងស្តុបផ្សារដើមគរ និងគោលដៅរង្វង់មូលគួចកាណុង។ សូមអរគុណ !»