យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១៥និង៣០ នាទីរសៀលនៅចំណុចភូមដូនត្រិត ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង
ក្នុងពេលដែលប្រជាពលរដ្ឋសឹងតែមួយស្រុកភ័យព្រួយនឹងជំនន់ទឹកភ្លៀង បង្កការលិចលង់លំនៅដ្ឋានផលដំណាំពុំទាន់បានស្រាកស្រាន្តផងនោះ ក៏ស្រាប់តែចោរចិត្តឥតមេត្តាមកធ្វេីសកម្មភាពលួចយកគោមេតែមួយរបស់ប្រជាពលរដ្ឋ
ដែលម្ចាស់គោនោះមានឈ្មោះថា ច្រឹង បូរី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ទៅបាត់ក្នុងខណៈដែលម្ចាស់ចងឱ្យស៊ីស្មៅនៅចម្ងាយប្រមាណ២០០ម៉ែត្រពីខាងមុខផ្ទះ។
ទទួលបានព័ត៌មាននេះភ្លាម អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរបាលស្រុក
និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ទីឡា ស្នងការរងទទួល ផែនការងារនគរបាលព្រហទ័ណ្ឌផង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត ដឹកនាំមន្រ្តីជំនាញធ្វើការស្រាវជ្រាវជុំវិញករណីចោរលួចឥតក្តីមេត្តានេះជាបន្ទាន់។
ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយមានភស្តុតាងគ្រប់គ្រាន់ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ វណ្ណារ៉ា ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តបាត់ដំបងផង នាវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០
នេះចោរចិត្តឥតមេត្តាម្នាក់ឈ្មោះ សេង សុបិន ហៅ ហុង ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមានលំនៅដ្ឋានក្នុងស្រុកសំឡូតដែរ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនស្រាវជ្រាវ ហើយទីបំផុតគេបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចគោមេរបស់ជនរងគ្រោះខាងលើប្រាដកមែន ។
ក្រោយសាកសួរសមត្ថកិច្ចបាន ស្វែងរកគោ មួយក្បាលនោះប្រគល់ជូនទៅជនរងគ្រោះវិញ រីឯចោរចិត្តឥតមេត្តារូបនេះ ត្រូវបានសមត្ថិកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕