កាលពីពេលថ្មីៗនេះ កម្ពុជាកំពុងតែទទួលរងនូវឥទ្ធិពលរបស់ព្យុះ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងច្រើនបានបង្អុរចុះមក ហើយមកដល់ពេលនេះមានខេត្តជាច្រើនកំពុងតែជន់លិច ខណៈប្រជាពលរដ្ឋជាច្រើនកំពុងតែទទួលរងគ្រោះផងដែរ។
ជាក់ស្តែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏មានការលិចលង់មួយចំនួនផងដែរ ហើយស្របពេលដែលមានការលិចលង់ ដែលធ្វើឱ្យមនុស្សត្រូវជម្លាស់ចេញពីផ្ទះនោះ ក៏មានករណីជនឆ្លៀតឱកាសបានបន្លំដើម្បីចូលទៅផ្ទះលួចសំភារៈមានតម្លៃផ្សេងៗផងដែរ។
ជាក់ស្តែងយោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១០:៣៥នាទីយប់ ថ្ងៃទី១៦
កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង នៅតែបន្តចេញល្បាតតាមបុរីនានាដែលត្រូវបានជន់លិចដោយសារជំនន់ទឹកស្ទឹង ដេីម្បីការពារ និងទប់ស្កាត់កុំឲ្យមានករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ ដែលត្រូវបានបិទទ្វារចាក់សោរ ដោយចាកចេញទៅរកទីទួលសុវត្ថិភាព ៕