មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តមួយគ្រឿង ដែលបុរសជាអ្នកបើកបរបានដាក់កូនស្រីតូចនៅពីមុខ ស្រាប់តែកំពុងបើក កូនក៏បានយំទាញចង្កូតឡានបុកក្បាលនាគពុះទ្រូវផ្លូវ
ដែលករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថិតតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាក ស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-7837 ហើយមុនពេលកើតហេតុ គេឃើញតៃកុងរថយន្តម្នាក់ បើកបរដាក់កូនស្រី អាយុប្រហែល ២ខួបនៅនឹងមុខខ្លួន ដៃម្ខាងឱបកូនស្រី ដៃម្ខាងបើករថយន្ត
ធ្វើដំណើរតាមបណ្តោយសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែកូនស្រីរបស់តៃកុងរថយន្តខាងលើ យំហើយក៏បានទាញដៃចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតទៅផ្លូវម្ខាងទៀតបាក់អស់១កង់
រីឯរថយន្តមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកឡើងលើសួនមុខប្រលាយន្តហោះពោធិ៍ចិនតុង បណ្តាលឲ្យរងការខូចខាតស្មៅ និងដើមឈើតូចៗបន្តិចបន្តួច រថយន្តវិញខ្ទេចផ្នែកខាងមុខខាងឆ្វេងស្ទើរតែទាំងស្រុង
ចំណែកបុរសដែលជាអ្នកបើកបរវិញរងរបួសធ្ងន់ និងកូនស្រីរបស់តៃកុងរថយន្តអាយុប្រមាណ ២ខួប រងរបួសស្រាល ត្រូវបានរថយន្តសាម៉ុយរបស់មន្ទីពេទ្យឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សមត្ថកិច្ចជំនាញឲ្យមកវាស់វែងស្ទូចក្បាលនាគពុះចែកទ្រូងផ្លូវដាក់ទៅកន្លែងដើមវិញ និងស្ទូចរថយន្តបង្កយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕