៤ ចំណុចងាយៗ ដែលអាចធ្វើអោយអ្នកឯករាជ្យហិរញ្ញវត្ថុនិងឈប់ធ្វើការមុនអាយុ

តើលោកអ្នកចង់ឈប់​ធ្វើការមុន​ពេលច្រាស់​ជ្រុល​ដើម្បីមាន​ពេលលំហែរ​កម្សាន្តក្នុង​ជីវិតខ្លះ​ទេ? សូមស្រមៃដល់​ជីវិតមួយ​ដែល​ការងារ​គ្រាន់តែ​ជាជម្រើស​មួយ​ប៉ុណ្ណោះ​ដោយ​សារលោក​អ្នកមាន​លុយគ្រប់​គ្រាន់​ដើម្បីផ្គត់​ផ្គង់​គ្រួសារ​រួចទៅ​ហើយ។ ការគេច​ផុតពី​អន្ទាក់​ការងារ​អនុញ្ញាត​ឱ្យលោក​អ្នកធ្វើជា​ម្ចាស់​ការលើ​ពេល​វេលា​របស់ខ្លួន​ឯង​បាន។ ពេល​វេលាដែល​ចំណាយ​ផុតទៅ​លោកអ្នក​មិនអាច​ទាញយក​មកវិញ​បានទេ ដូច្នេះ​ហើយ តើហេតុអ្វី​បានជា​ត្រូវចំណាយ​ពេលធ្វើការ​ឱ្យគេនៅ​ពេលដែល​លោកអ្នកអាច​ធ្វើកិច្ចការ​ដែលខ្លួន​ឯង​ស្រឡាញ់? ពេលនេះការចូលនិវត្តន៍មុនដល់​អាយុចាស់​មិនតម្រូវឱ្យលោក​អ្នកត្រូវឈ្នះ​ឆ្នោត​ឬទទួល​មរតកធំ​ដុំអ្វីនោះ​ទេ។ ការស្រមៃមួយ​នេះជាអ្វី​ដែល​មនុស្សភាគ​ច្រើន​អាចធ្វើ​ឱ្យក្លាយ​ជាការពិត​បានពីព្រោះ​វាគ្មាន​អាថ៌កំបាំង​អ្វីសោះ។ លោកអ្នក​គ្រាន់តែ​យក​ចំណាយ​ដក​ចំណូល​នឹងឃើញ​គម្លាត​រវាងលោក​អ្នក​និងឯក​រាជ្យហិរញ្ញវត្ថុ​ហើយ។ គោលដៅ​ចម្បង​របស់លោកអ្នក​គឺត្រូវធ្វើឱ្យ​ចំណូល​កើនខ្ពស់​លើស​ចំណាយ​ប៉ុណ្ណោះ ហើយគន្លឹះ​ខាងក្រោម​នេះអាច​ជួយលោក​អ្នក​បាន​៖ ១/ គ្រប់គ្រងចំណាយ គន្លឹះមួយនេះប្រហែល​លោកអ្នក​ធ្លាប់​ឮញឹកញាប់​ណាស់​ហើយ។ ប៉ុន្តែសូម​គិត​បន្តិច​គន្លឹះពិត​ប្រាកដ​មិនមែន​ចប់​នៅត្រឹម​តែគ្រប់​គ្រង​ចំណាយ​ទេ ប៉ុន្តែ​បើលោក​អ្នក​កាត់​បន្ថយចំណាយ លោកអ្នក​នឹង​មានលុយ​កាន់តែ​ច្រើន​អាចយក​ទៅសន្សំឬ​វិនិយោគ។ បន្ថែម​ពីលើនេះ​លោកអ្នក​នឹង​មាន​ទម្លាប់​រស់​នៅតាម​របៀប​មិនខ្ជះ​ខ្ជាយ​ឥត​ប្រយោជន៍ទៀត​ផង។ ២/ សន្សំក្នុងរបៀបឆ្លាតវៃ បន្ទាប់ពីកាត់​បន្ថយ​ចំណាយ​ហើយ លោកអ្នក​នឹងមាន​លុយសល់​ច្រើន។ សូម​យកលុយ​នោះទៅ​សន្សំទុក​ក្នុងគណនី​ណាដែល​អាចផ្តល់​ការប្រាក់​ខ្ពស់​ដើម្បីអាច​ផ្តល់ជម្រើស​ច្រើនដល់​លោក​អ្នកទៅថ្ងៃ​ក្រោយ។ សូមពិចារ​ណារូប​មន្ត​ងាយៗ គឺបើលោក​អ្នកសន្សំ១%​នៃចំណូល​​លោក​អ្នក​នឹង​ត្រូវការពេល​៩៩ឆ្នាំ​ដើម្បី​សន្សំបាន​ចាយ​សម្រាប់​មួយ​ឆ្នាំ។ ប៉ុន្តែ​បើលោកអ្នក​សន្សំ១០%​នៃចំណូល​លោកអ្នក​នឹងត្រូវការ​ពេល​៩ឆ្នាំ ហើយបើ​លោកអ្នក​សន្សំ​៥០%​នៃចំណូល លោកអ្នក​នឹងត្រូវការ​ពេលត្រឹម​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​សូមសន្សំឱ្យ​បានច្រើន​បំផុត​ដើម្បីឈាន​ដល់​កម្រិត​មួយដែល​ការងារ​គ្រាន់តែ​ជាជម្រើស​បុ៉ណ្ណោះ។ ៣/ រាប់អានជាមួយមនុស្សដែលមានចិត្តដូចគ្នា លោកអ្នកនឹងក្លាយ​ជាមនុស្សដូច​គ្នានឹង​មនុស្សដែល​លោកអ្នក​ចំណាយ​ពេលច្រើន​នៅជា​មួយ។ បើមិត្តភក្តិរបស់​លោកអ្នក​ចូល​ចិត្ត​ដើរលេង ចាយលុយ​ច្រើន និង​ទិញរបស់របរ​លើសពីតម្រូវ​ការ លោក​អ្នកក៏ទំនង​ជាចម្លង​ទម្លាប់​ទាំងនោះ​ដោយមិន​ដឹងខ្លួន​ដែរ។ នេះគេ​ហៅថា​ឥទ្ធិពល​នៃមិត្តភក្តិ។ ដូច្នេះ​បើចេះ​ជ្រើសរើស​មិត្តភក្តិក្នុង​របៀប​វៃឆ្លាត មិត្តនោះ​នឹងជួយ​លោកអ្នក​ឱ្យរីក​ចម្រើន​ក្នុងផ្លូវ​ដែល​លោកអ្នក​ចង់​ដើរ។ សូមចំណាយ​ពេលតែ​ជាមួយ​មនុស្ស​ដែលចេះ​គិតគូរ​ដល់គុណ​តម្លៃដូច​លោក​អ្នកដែរ​និងមាន​គោល​ដៅស្រដៀង​គ្នា​ដែលជួយ​តម្រង់​ទិសដៅគ្នា​ទៅវិញ​ទៅមក។ ៤/ បង្កើតការងារបន្ថែមលើសពីធ្វើការឱ្យគេ ចំណាយតិចនិងសន្សំច្រើន​ជាទម្លាប់​ល្អហើយ ប៉ុន្តែការ​រកលុយ​ឱ្យបាន​កាន់តែ​ច្រើន​ទើប​អស្ចារ្យ។ លោកអ្នក​អាចនឹង​ទាមទារ​សុំតម្លើង​ប្រាក់ខែ ប៉ុន្តែហេតុអ្វីបាន​ជាមិន​ព្រមបន្ថែម​ច្រករក​ប្រាក់​ចំណូល​ផ្សេង​ទៀត? សូមសម្លឹងមើល​ទេពកោសល្យ​និង​ចំណង់​ចំណូល​ចិត្តរបស់​លោក​អ្នក តើមាន​កិច្ចការអ្វីមួយ​ដែល​លោកអ្នក​អាចធ្វើ​បាន ហើយ​មនុស្សដទៃ​មិនអាច​ធ្វើបាន​ទេ? បើបែបនេះ​មែន សូមស្វែង​រកមធ្យោបាយ​ប្រើប្រាស់​ជំនាញនោះ​ដើម្បីរក​លុយ​បន្ថែម កុំទុក​ចោល​ឥត​ប្រយោជន៍។

Continue Reading

បែបនេះទើបអាចជោគជ័យ! សូមកុំធ្វើអោយបាត់បង់ឪកាសដោយសារអារម្មណ៍​ភ័យខ្លាចមួយពេល

នៅពេលមានអ្វីម្យ៉ាង​ផ្លាស់ប្តូរ មនុស្សភាគ​ច្រើន​មាន​អារម្មណ៍​ភ័យខ្លាច​ភ្លាមៗ។ អារម្មណ៍​ភ័យខ្លាច​បែបនេះ​ពិត​ជាមាន​ហេតុផល​នៅពី​ក្រោយ បើទោះ​ជាហេតុផល​នោះ​នៅ​ឆ្ងាយក្នុង​អតីត​កាលនៃ​ពួជ​សាសន៍​មនុស្ស​ជាតិ​រហូត​ដល់យើង​មើល​នឹងភ្នែក​ធម្មតា​មិនឃើញ​ក៏ដោយ។ នៅក្នុង​ដំណាក់​កាល​ដំបូងៗ​នៃ​ដំណើរ​វិវត្តរបស់​មនុស្ស​ជាតិ បើអ្វីមួយ​ផ្លាស់​ប្តូរ វាធ្វើ​ឱ្យយើង​លែង​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​បើយើង​លែង​មាន​អារម្មណ៍​សុវត្ថិភាព និងនៅលែង​សុខ យើង​សន្និដ្ឋាន​ថាអវសាន​ជីវិត​ជិតមក​ដល់​ហើយ​ដែរ ដូច្នេះ​យើង​ខំរត់​ឱ្យបាន​លឿន​ទៅរក​សុវត្ថិភាព ឬប្រយុទ្ធប្តូរផ្តាច់​ដើម្បីយក​ឈ្នះ។ ប្រហែលហេតុផល​នេះហើយ​ដែលនៅ​គ្រប់​ពេលមាន​អ្វីមួយ​ផ្លាស់ប្តូរ​ទ្រង់​ទ្រាយ​ធំ មនុស្ស​យើងតែងតែ​រត់​គេច​ចេញទៅ​សំងំ​នៅកន្លែង​សុខស្រួល។​ដូចការ​ផ្លាស់​ប្តូរភ្លាមៗ​ខុស​ការរំពឹង​ទុកនៅ​កន្លែង​ធ្វើការ​ដែរ ប្រហែល​លោក​អ្នក​ជាផ្នែក​មួយ​នៃការរុះរើ​រចនា​សម្ព័ន្ធថ្មី និង​ទទួល​បាន​ចៅហ្វាយ​នាយ​ថ្មី​ជាដើម។ ឬប្រហែល​ក្រុមហ៊ុន​លោក​អ្នក​ត្រូវ​បង្ខំ​ឱ្យផ្លាស់​ប្តូរ​ទិស​ដៅទៅ​រកកន្លែង​ថ្មី ហើយ​កាន់តែ​អាក្រក់​ជាងនេះ​ទៅទៀត​គឺលោក​អ្នក​ត្រូវគេ​បញ្ឈប់​ពី​ការងារ។ ទិដ្ឋភាពទាំងអស់នេះ​បាន​បន្សល់ទុក​ចន្លោះ​យ៉ាង​ធំសម្រាប់​ឱកាស​របស់​លោកអ្នក គឺលោក​អ្នក​អាចប្រែក្លាយ​ការរៀប​ចំរ​ចនា​សម្ព័ន្ធការងារ​ឡើង​វិញ ការផ្លាស់​ប្តូរទិស​ដៅ ការទទួល​បាន​ចៅហ្វាយ​នាយ​ថ្មី និង​ការបណ្តេញ​ចេញ​ពីការងារ​នោះ​ឱ្យក្លាយ​ទៅជា​ពិសោធន៍​វិជ្ជមាន​បាន។ ការផ្លាស់​ប្តូរបែប​នេះ​មិនមែន​សុទ្ធតែ​ជារឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​លោកអ្នក​ពិត​ជាអាច​ធ្វើបាន បើ​តាំងចិត្ត​និង​ប្រុងប្រៀប​ខ្លួនទុក​ជាមុន។ បញ្ហាស្ថិត​នៅត្រង់​ថាពេល​ខ្លះ​ការផ្លាស់​ប្តូរអាច​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ដូច​បរាជ័យ។ ប៉ុន្តែ រឿងគួរឱ្យអស់​សំណើច​អំពី​បរាជ័យគឺ​ថា​វាកើត​ឡើង​តែនៅ​ពេល​ដែល​លោក​អ្នក​សាកល្បង​ប៉ុណ្ណោះ។ បើលោក​អ្នកមិន​ដែល​សាកល្បង​ទេ លោក​អ្នក​នឹង​មិន​ដែល​ជួប​បរាជ័យទេ ហើយ​ក្នុងពេល​ជាមួយ​គ្នានោះ លោកអ្នក​ក៏មិន​ដែល​ជួប​ជោគជ័យ​ពិត​ប្រាកដ​ដែរ គឺលោក​អ្នក​គ្រាន់តែ​អណ្តែត​ត្រសែត​ទៅ​តាម​ជំនោរ​ជីវិត​តែ​ប៉ុណ្ណោះ។ តើលោកអ្នកខ្លាច​មិនហ៊ាន​ធ្វើអ្វីខ្លះ? ស្វែង​រក​ការងារ​ថ្មី? និយាយ​ជាមួយ​មិត្តរួម​ការងារ​ដែល​លោក​អ្នកចូល​ចិត្ត? សុំច្បាប់​សម្រាក​ដើរ​កម្សាន្ត? បង្កើត​គំនិត​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន?​លោកអ្នក​ប្រហែល​ដឹងថា​ខ្លួនឯង​ចង់​បានអ្វី ឬចង់​ធ្វើអ្វី ប៉ុន្តែខ្លាច​មិន​ហ៊ាន​ធ្វើ។ បើបែប​នេះ​មែន សូម​ទទួល​ស្គាល់​ការភ័យ​ខ្លាច​នោះ គឺទទួល​ស្គាល់​វា​ហើយបោះ​បង់វា​ចោល​ភ្លាម។​ តើរឿងអាក្រក់អ្វីខ្លះដែល​អាចនឹង​កើត​ឡើង? ប្រហែល​លោកអ្នក​នឹង​ជួប​បរាជ័យ ប្រហែល​លោកអ្នក​បង្ហាញ​ឱ្យគេ​ឯង​ឃើញ​ភាព​ល្ងីល្ងើខ្លះ ប្រហែល​លោកអ្នក​នឹង​ខាត​បង់​លុយកាក់​ខ្លះក្នុង​ការប្រថុយ​ថ្មីនោះ ប្រហែល​គេ​មិន​ទទួល​យក​លោក​អ្នក​ភ្លាមៗ​ទេ ប្រហែល​លោកអ្នក​នឹង​ជួប​រឿង​លំបាកៗ​កាន់​តែ​ច្រើន។ ប៉ុន្តែ​បើលោកអ្នករុញច្រាន​ឱ្យកាន់តែ​ខ្លាំង​ផុតពីរឿង​អាក្រក់ៗ​ទាំង​អស់​នេះ លោកអ្នក​អាចនឹង​ទទួល​បាន​ជោគជ័យ។ លោកអ្នក​នឹង​សម្រេច​បានអ្វី​ដែលលោក​អ្នក​តែង​តែ​ចង់បាន​ក្នុង​ជីវិត។ ហើយ​ប្រហែល​លោកអ្នក​នឹងរីក​រាយ​ចំពោះ​ខ្លឹមសារ​របស់​ជីវិត​ថែម​ទៀត​ផង។

Continue Reading